យុវជនបីនាក់ បង្កើត​ជំនួញដោយប្រើទុនម្នាក់ ១០០ដុល្លារ អាចរក ចំណូលបាន​ជាង​១០០០ ដុល្លា​រ ក្នុងមួយខែ

DOM NORK - តំណក់ជា​គេហទំព័រ​ក្នុង​ហ្វេសបុក​មួយ​ដែល​មាន​អ្នក​គាំ​ទ្រ​ប្រមាណជាង ១ម៉ឺន នាក់ បង្កើត​ដោយ​ក្រុម​យុវ​ជន៣ នាក់ ។

DOM NORK - តំណក់ជា​គេហទំព័រ​ក្នុង​ហ្វេសបុក​មួយ​ដែល​មាន​អ្នក​គាំ​ទ្រ​ប្រមាណជាង ១ម៉ឺន នាក់ បង្កើត​ដោយ​ក្រុម​យុវ​ជន៣ នាក់ ក្នុង​នោះ​មាន លោក​ វន់ វរៈ អា​យុ ២៥ ឆ្នាំ​ ជា​មន្រ្តី​បច្ចេក​ទេស​ក្នុង​ក្រសួង​មួយកញ្ញា ធៀម គឹម​ហ៊ីង អាយុ ២៦ ឆ្នាំ ជា​បុគ្គលិក​ជំនាញ​គ្រប់​គ្រង់​ហិរញ្ញ​វត្ថុ​ក្នុង​ក្រុម​ហ៊ុនឯក​ជន​មួយ​ព្រម​ទាំង​លោក កឹម រដ្ឋ​បូណ៌​មី អា​យុ ២២ ឆ្នាំ ជា​និស្សិត​ផ្នែក ឌី​ហ្សាញ ម្នាក់​។

ទាំង ៣ នាក់ ​បាន​សម្រេច​ចិត្ត​បង្កើត​ជា​ជំនួញ​បោះពុម្ព​អាវ​យឺត ដែល​មាន​រូប​ផ្លែក​ៗ ដូច​ជា​រូប​ភាព​តួអង្គ​ក្នុង​ល្ខោន​ខោលឬ​ល្ខោន​ស្បែធំ​ និង​តូច និង​រចនាបទ​បុរាណ​ខ្មែរ​ជា​ច្រើន​ទៀត​។ យុជន​កឹម រដ្ឋ​បូណ៌​មីដែល​ជា​អ្នក​ឌីសាញ​រូប​ភាព​ខាង​លើ ​បាន​រៀប​រាប់​ថា​៖ «ផលិត​ផល​ដែល​យើង​បង្កើត គឺ​ក្នុង​គោល​បំណង​លើក​ស្ទួយនិង​ផ្សព្វផ្សាយ​វប្បធម៌​របស់​ជាតិ ហើយ​ដោយ​សារ​ពួក​យើង​ទាំង​៣នាក់ ​មាន​ចំនូល​ចិត្ត​លើ​សិល្បៈ​បុ​រាណ​ដូច​គ្នា​»។

តំណាង​ក្រុម​ កញ្ញា គឹម​ហ៊ីងបាន​ពន្យល់​ពី​ដើម​ហេតុ​ដែល​បង្តើត​ តំណក់​ នេះ​ថា​៖ «មក​ពី​យើង​ទំនេរ​ពេក ហើយ​យើង​តែង​គិត​ថា​ចង់​បង្កើត​អ្វី​មួយ​ដែល​ជា​ផលិតផល​របស់​ខ្លួន​ ក្រោយ​ពី​ពិភាក្សាគ្នា​ជា​ច្រើន​ដង​ពេល​ជួប​ជុំ​ក្នុង​ហាង​កាហ្វេយើង​ក៏​សម្រេច​បង្កើត​តំណត់​ នេះ​ឡើង​ ដោយ​ចូល​ដើម​គ្នា​ម្នាក់​ ១០០ ដុល្លារ»។

ការ​ចាប់​ផ្តើម​ដំបូង​ ហាក់​មើល​ទៅ​ងាយ​ស្រួល​ក្នុង​បង្កើត​ជំនួញ​នេះ​ដោយ​ពួក​គេ​ទាំង​ ៣​នាក់​សុទ្ធ​តែ​មាន​ជំនាញ​រៀង​ៗ​ខ្លួន​ និង​មាន​ពេល​គ្រប់​គ្រាន់​ពួក​គេ​ក៏​ធ្វើការ​ប្រថុយ​ដោយ​មិន​គិត​ពី​ការ​ខាត់​បង់​ឡើយ ​ព្រោះ​ថា ​ការ​ចេញ​លក់​ផលិតផល​អាវ​យឺត​ដំបូង​ជា​ការ​បញ្ជារ​ទិញ​ជា​មុន មុន​ការបោះ​ពុម្ព​។ ពួក​គេ​គ្រាន់​តែ​ចំណាយ​ពេល​លើការ​បង្កើត​គេហ​ទំព័រឌីហ្សាញរូប​ភាព​សម្រេច​របស់​អាវ​យឺត​ វាយ​តម្លៃ​របស់​អាវ​យឺត​រួច​រាល់​ ហើយ​ធ្វើការ​ផ្សព្វផ្សាយ​ភ្លាម​ៗ​នៅ​លើ​គេហ​ទំព័រ​ដែល​ទើប​បង្កើត​ និង​ចំណាយ​ថវិកា​ខ្លះ​សំរាប់​ ធ្វើ​ការ ផ្សព្វ​ផ្សាយ​ឬ​ Sponsors។

លោក វន់ វិរៈ បង្ហាញ​ការ​ចាប់​អារម្មណ៍​ថា​៖«ដំបូង​ខ្ញុំ​មិន​មាន​សង្ឃឹម​ថា ​មាន​អ្នក​ចង់​ទិញ​អាវ​យឺត​របស់​យើង​ទេ​ តែ​គ្រាន់​តែ​ថ្ងៃទី​មួយ​មាន​ការ​បញ្ជាទិញ​ជា​មុន​ ជាង​មួយ​រយ​អតិថិជន​ទៅ​ហើយ​»។ កញ្ញា គឹម ហ៊ីង តំណាង​ក្រុម​តំណក់​បន្ថែម​ថា​៖«និយាយ​ទៅ​សឹង​តែ​មិន​ជឿ​ថា ​មាន​ការ​គាំ​ទ្រច្រើន​បែប​នេះ និយាយ​ទៅ​ដំបូង​យើង​បាន​សិក្សា​ស្វែង​រក​វត្ថុ​ធាតុ​ដើម​ដែល​មាន​គុណ​ភាព​ ព្រោះ​ចង់​ឱ្យការ​ប្រើប្រាស់​បាន​ស្រួល​ និង​មាន​រយៈពេល​យូរ​អង្វែង​ដូច​នេះ​ទោះ​ជា​តម្លៃ​ខ្ពស់​ជាង​អាវ​យឺត​បោះ​ពុម្ព​ដែល​ដាក់​លក់​នៅ​តាម​ផ្លូវ​ច្រើន​មែន​តែ​ការ​គាំ​ទ្រ​ផលិត​ផល​ថ្មី​នេះ​នៅ​តែ​កើន​ឡើង​»។

ផល​ចំនេញ​ពី​ការ​លក់​អាវ​យឺត​នេះ​ពួក​គេ​បាន​ដាក់​សន្សំ​វា​ជារួម ​ដើម្បី​បន្ត​បង្កើត​ផលិតផល​ជា​ច្រើន​ទៀត​ មិន​តែ​ប៉ុណ្ណោះ​ពួក​គេ​ក៏​ចង់​បន្ត​លក់​ផលិត​ផល​រចនាបទ​ខ្មែរ​នេះ ​ក្នុង​ហាង​ពិត​ប្រាកដ​មួយ​ក្នុង​ថ្ងៃ​អនាគត​ដែរ​ដោយ​សារ​មាន​ការ​ស្នើ​សុំ​ពី​សំណាក់​អ្នកគាំ​ទ្រ​ជា​ច្រើន​។ មិន​តែ​ប៉ុណ្ណោះ​អ្នក​គាំទ្រ​របស់​គេ​ក៏​បាន​ស្នើ​ឱ្យ​ពួក​គេ​ចេះ​បរិច្ចាគ​ផល​ចំនេញ​ខ្លះ​ចូល​ក្នុង​មន្ទីរ​ពេទ្យ​ឬ​មណ្ឌល​កុមារ​កំព្រា​ជា​ដើម​។

សំណើរបស់​អ្នក​គាំទ្រ​ក៏​បណ្តាល​ឱ្យ​យុវជន​ទាំង​ ៣ នាក់​សម្រេច​ចិត្ត​បរិច្ចាគ​ថវិកាចំនេញ​ ១២០០ រៀល រាល់​ពេល​លក់​បាន​អាវ​យឺត​មួយ​ទៅ​ដល់​មន្ទីរ​ពេទ្យ​គន្ធា​បុប្ផា ​។

ដោយ​ហេតុ​ថា ​ខែ​ខ្លះ​ពួក​គេ​មិន​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​ទទួល​ការ​បញ្ជារ​ទិញ​ ពួក​គេ​ក៏​បាត់​បង់​ការ​គាំទ្រ​ខ្លះៗ​ដែរ​ តែ​គឹម​ហ៊ីង​បន្ត​ថា​៖ «គ្រប់​ពេល​ដែល​យើង​គិត​ថា​មាន​ពេល​យក​អីវ៉ាន់​ឱ្យ​អតិ​ថិ​ជន យើង​ក៏​ប្រើ​លុយ​ផ្សព្វ​ផ្សាយ​តាម​ហ្វេបុក​ (sponsor) ហើយ​ក៏​មាន​ការកម្មង់​ទិញ​ឥត​ដាច់​ជាបន្ត​ទាំង​អតិ​ថិជន​ចាស់​ និង​ថ្មី»។ ពួក​គេ​បន្ថែម​ថា​មាន​ពេល​ខ្លះ​ហត់​ពេក​សូម្បី​តែ​លើក​ទូរ​ស័ព្ទ​ទទួល​ការ​បញ្ជា​ទិញ​ក៏​មិន​ទាន់​ដែរ​។

ដោយ​សារ​ការងារ​ឯក​ជន​ក៏​សំខាន់​ហើយ​ណា​មួយ​ដើម​ទុន​ក្នុង​ការ​បើក​ហាង​នៅ​មាន​ស្តួច​ស្តើង​នៅ​ឡើយ​ ការ​ពង្រីក​ការ​លក់​ផលិតផល​នៅតែ​ជា​បញ្ហាហើយ​ផល​ចំនេញ​ក៏​នៅ​មាន​កម្រិត​នៅ​ឡើយ​។ ដូច​នេះ​មាន​ពេល​ខ្លះ​ក៏​មាន​អារម្មណ៍​ថា​ចង់​បោះ​បង់​តែ​លោក ​វន់ វិរៈ​ តែង​តែ​ដាស់​តឿន​ដល់​ក្រុម​ថា​៖ «នែក​ ដើរ​មក​ដល់​ទី​នេះ​ហើយ​គ្មាន​នរណា​ម្នាក់​ដើរ​ថយ​ក្រោយ​ឡើយ​តែ​ជួន​កាល​ គឺ​ខ្ញុំផ្ទា​ល់​ដែល​មាន​អារម្មណ៍​ថា​ ហត់​ខ្លាំង​»។

សារ​ជា​ចុង​ក្រោយ​របស់​ក្រុម​យុវជន​ទាំង​៣​នាក់​ថា​៖ «សូម​ចូល​រួម​បង្កើត ​មុខ​ជំនួញ​របស់​ខ្លួន​ឯង​ ជា​ក្រុម​ ឬ​ជា​ឯ​ក​ជន​ផ្ទាល់​ខ្លួ​ន​មិន​សំខាន់​សំខាន់​បំរើ​តម្រូវ​ការ​របស់​ទីផ្សារ​ ដោយ​ភាព​ស្មោះ​ត្រង់​ បើ​មិន​ស្មោះ​ត្រង់​និង​អតិថិជន​ទេ​អ្នក​លក់​បាន​តែ​ម្តង​ទេ​»​៕

អត្តបទ​ដោយ​៖ សេង ធី