«ការអប់រំមានតំលៃនិងសារៈសំខាន់ណាស់សំរាប់ជីវិត បើសិនជាខ្ញុំបានចូលរៀន និងមានបញ្ញារៀនសូត្រដូចគេជីវិតរបស់ខ្ញុំក៏មិនរសាត់អណ្តែតដូចចកដែរ» នេះជាសម្តីរត្អូញត្អែររបស់យុវជនមួយរូបដែរជាវិចិត្រករគំនូរនិងជាគ្រូបង្រៀនគំនូរនៅសាលាអង្គការសិល្បៈចំប៉ី។
លោក ឃុន សូថា អាយុ ២៩ឆ្នាំ មានស្រុកកំណើតនៅភ្នំពេញ ជាវិចិត្រករគំនូរម្នាក់ ដែលត្រាច់ចរជីវិតតាមកាលៈទេសៈព្រោះតែជីវភាព និងការកំព្រា។ ក្រោយពេលដែលលោកឪពុករបស់យុវជន សូថាបានបាត់បង់ជីវិត តាំងពីពេលលោករៀននៅថ្នាក់ទី៩ សូថាក៏សម្រេចចិត្តចាកចេញពីផ្ទះដើរត្រាច់ចរ និងបោះបង់ការសិក្សានៅសាលារៀន រួចចាប់អាជីបជាជាងគំនូរក្រោយពីបានរៀនសូត្រ អស់រយៈពេល ៥ឆ្នាំនៅសាលាអង្គការសិល្បៈរៃយំ។
ក្នុងវ័យ ១៦ ឆ្នាំ ចាកចេញពីផ្ទះ មកដើររស់នៅជាមួយមិត្តភ័ក្រ្តសូថា ជួបប្រទះនឹងភាពលំបាក ក្រខ្សត់ ឯការ តែវាជាពេលវេលា ដែលលត់ដំខ្លួនឱ្យមានភាពរឹងមាំ ចេះដោះស្រាយបញ្ហាក្រពះ និង ការពារខ្លួនឯង។
ជាភ័ព្វសំណាងដែល យុវជន សូថា មាននិស្ស័យនិងទេព្យកោសល្យ ក្នុងសិល្បៈគំនូរ ក្រោយពីចាកចេញពីគ្រួសារម្តាយមីងដែលទទួលចិញ្ចឹមសូថា បន្ទាប់ពីឪពុកស្លាប់ទៅ សូថា បញ្ជាក់ថា៖ «គំនូរជាឆ្នាំងបាយរបស់ខ្ញុំខ្ញុំមានថ្ងៃនេះ បើគ្មានជំនាញគូរគំនូរទេ មិនដឹងជាទៅជាយ៉ាងណាទេ»។
សិស្បៈគំនូរដែល សូថាចេះមានជាគំនូររូបមនុស្ស (Portrait) គំនូរបុរាណ និងគំនូរសហសម័យ។ក្នុងឆ្នាំ ២០១៤ សូថា អាចរកចំនូលបានទៀងទាត់ តាមរយៈការគូររូបមនុស្ស នៅផ្សាររាត្រីរៀងរាល់សប្តាហ៍ក្រោយមកទៀតក្នុងឆ្នាំ២០១៦ តាមរយៈសាលាសិល្បៈរៃយំ សូថា មានឱកាស បានធ្វើដំណើរទៅតាំងពិពណ៌សិល្បៈនៅសហរដ្ឋអាមេរិច រយៈពេលជាង ២ខែកន្លះ។
ក្រោយមកទៀតក្នុងឆ្នាំ២០១៣ ដោយមានការសហការពី ខាងអ្នកផលិតខ្សែភាព ជនម្នាក់ជាជនជាតិខ្មែរ រស់នៅបរទេសយុវជន រូបនេះ បានបង្កើតស្នាដៃសិស្បៈគំនូរ រូបភាពចំណងជើងខ្សែភាពយន្ត(MoviePoster) ពីបុរាណ ដោយការស្រាវជ្រាវរក រូបភាពចំណងជើងខ្សែភាពយន្តតាំងពីសម័យ១៩៦០ ដល់ ១៩៧០ មកគូឡើងវិញឱ្យដូចទាំងស្រុង ក្នុងផ្ទៃក្រឡាធំជាងមុន ១០ទៅ ២០ ដង ដើម្បីតាំងបង្ហាញក្នុងមហោស្រពភាពយន្តខ្មែរ ពីជំនាន់នោះ។
តាមការមើលឃើញរបស់សូថា សិល្បៈតែមួយមុខមិនបានធ្វើឱ្យ ជីវភាពប្រសើរឡើងទេ។ យុវជន ឃុនសូថា បានលើកឡើងថា៖ «តាមពិតទៅ អ្នកគូរគំនូរបានចំនូលច្រើនមែន តែមិនមែនបានរាល់ថ្ងៃដែលជួនកាល ២ទៅ៣ខែ មិនមានចំនូលសោះក៏មាន»។
តែការតាំងចិត្តល្អខិតខំព្យាយាម នាំសំណាងនិងជីវិតឱ្យប្រសើរឡើង លោក សូថា ក៏មិនដែលដាច់បាយដែរបើទោះជាគ្មានការងារគំនូរព្រោះរាល់ពេលដែលមានភាពខ្វះខាត់ ការងារក៏ចេះតែរត់រក ហើយក៏មានមិត្តភ័ក្រ្តជួយគាំទ្រនិងជ្រុំជ្រែង ផ្តល់ការងារនាយអាយឱ្យធ្វើបណ្តោះអាសន្ន។
យុវជនរូបនេះ បើទោះជាមានងារជាអ្នកវិចិត្រករជួនកាលពេលចេញពីកន្លែងគំនូរ គាត់ក៏ឆ្លៀតទៅរត់តុក្នុងហាងការហ្វេក្រឡុកស្រាក្នុងភោជនីដ្ឋានដែរ ដែលតាមភាពជាក់ស្តែង លោកមិនបណ្តោយឱ្យខ្លួនមានពេលទំនេរនៅចូលរួមជាមួយអំពើរអបាយមុខឡើយ ។
លោក សូថា បញ្ជាក់ថា៖«មែនទែនទៅខ្ញុំឃើញមិត្តភ័ក្រ្តខ្លះ មានលុយចាយច្រើន ហ៊ឺហារណាស់ ខ្ញុំសួរគេធ្វើអីបានមានម្លេះតែខ្លះថាលក់ថ្នាំ លួចឆក់របស់គេ គឺថាមានស្ទើរគ្រប់យ៉ាង ទាំងអាក្រក់ទាំងល្អ តែខ្ញុំគ្រាន់តែស្គាល់ៗរាប់អាន បើឱ្យខ្ញុំទៅធ្វើដូចគេខ្ញុំសុខចិត្តធ្វើការរបស់ខ្ញុំវិញ ទោះជាបានលុយតិចមែនតែវាជាញើសឈាមរបស់ខ្ញុំដែរ»។
ការអត់ធ្មត់ និងសុចរិតភាពរបស់វិចិត្រកររូបនេះនាំខ្លួនលោកឱ្យរួចផុតពីបញ្ហាកង្វល់នានាក្រៅតែពីភាពក្រីក្របន្តិច និងភាពកំព្រា លោកមានការងារប្រចាំថ្ងៃមានមិត្តភ័ក្រ្តជាច្រើន ហើយបន្ចុប្បន្នលោកក៏មានលទ្ធភាពបើកជាអាហារដ្ឋានតូចមួយផងដែរ។
លោក សូថា បន្តថា៖ «មកពីខ្ញុំចូលចិត្តហូប និយាយទៅពេលមានហាងម្ហូបចឹងវាងាយស្រួលសម្រាប់ខ្ញុំមកហូបនៅកន្លែងខ្លួនឯង មិនចំណាយច្រើន ហើយវាជាកន្លែងជួបជុំមិត្តភ័ក្រ្តនិងនិយាយរឿងការងារសិល្បៈរបស់ខ្ញុំផងដែរ»។
ជាចុងក្រោយ សូថា ក៏សូមផ្តាំផ្ញើដល់យុវជនដែលមានបញ្ហាគ្រួសារដូចខ្លួនដែលថា៖ «សូមកុំអស់សង្ឃឹម ហើយត្រូវចាំថាបើមានលទ្ធភាពកុំបោះបង់ការសិក្សា តែបើទៅមិនរួច ត្រូវចាប់ជំនាញមួយដែលខ្លួនឯងពេញចិត្តទោះជាមានចំនូលតិចក្តីច្រើនក្តី ឱ្យតែកុំទៅឆក់ ប្លន់របស់អ្នកដ៏ទៃយើងមិនងាយស្លាប់ទេ»៕
អត្ថបទដោយ៖ សេង ធី