សំនួរនិងចម្លើយជាមួយអ្នកនិពន្ធវ័យក្មេង ម៉ៅ ចាន់រស្មី ម្ចាស់សៀវភៅ «កំណត់ហេតុពណ៌ស្វាយ» ដែលលក់ដាច់បំផុត

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

សៀវភៅរឿង «កំណត់ហេតុពណ៌ស្វាយ» ជាស្នាដៃប្រលោមលោកដំបូងរបស់ កញ្ញា ម៉ៅ ចាន់រស្មី ចេញបោះពុម្ពផ្សាយលក់ក្នុងកំឡុងខែតុលាឆ្នាំ ២០២០នេះ ជាមួយនឹងការគាំទ្រនិងក្លាយជាសៀវភៅ Best Seller តាមបណ្តាទីតាំងលក់សៀវភៅជាច្រើនក្នុងក្រុងភ្នំពេញ និងបណ្ដាខេត្ត។ ខាងក្រោមនេះជា ៦សំនួរ និង ៦ចម្លើយ ជាមួយអ្នកនិពន្ធវ័យក្មេង ម៉ៅ ចាន់រស្មី ដែលជាទាយាទអ្នកនិពន្ធ ម៉ៅ សំណាង ដែលមានឈ្នោះបោះសម្លេងជាច្រើនឆ្នាំលើវិស័យតែងនិពន្ធក្នុងប្រទេសកម្ពុជា។

សំនួរទី១៖ សូម រស្មី ជួយរៀបរាប់អំពី ការចាប់ផ្តើមរបស់រស្មី ក្នុងការតែងនិពន្ធប្រលោម មុនគេ? ភ្ជាប់នឹងជីវប្រវត្តខ្លីៗ​ទាក់ទាងនឹងការសិក្សារ ជំនាញការងារខាងក្រៅ ឬចំណងចំណូលចិត្តផ្សេងៗ របស់ខ្លួន។ 

កញ្ញា ម៉ៅ ចាន់រស្មី៖ មែនទែនទៅខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែក ពាណិជ្ជកម្មអន្តរជាតិមួយរូប។ ក៏ប៉ុន្តែជាក់ស្ដែង ខ្ញុំបានប្រឡូកលើការតែនិពន្ធអត្ថបទភាពយន្ត តាំងពីឆ្នាំ ២០១៣ដែលគិតមកដល់ពេលនេះមានរយៈពេល ៧ឆ្នាំមកហើយ ទើបតែនៅឆ្នាំ ២០២០ខ្ញុំក៏ចាប់ផ្តើមតែងប្រលោមលោករបស់ខ្លួនឯងតែម្តង។  ការងារជំនាញរបស់ខ្ញុំភាគច្រើនខ្ញុំចូលរួមក្នុងការតែងនិពន្ធអត្ថបទភាពយន្តជាលក្ខណៈឯករាជ្យ ក្រោយពីទំនេរពីការងារអត្ថបទភាពយន្តទើបខ្ញុំផ្តោតលើការតែងនិពន្ធប្រលោមលោក។ ចំណូលចិត្តរបស់ខ្ញុំគឺការអានប្រលោមលោក និងទស្សនាភាពយន្ត ហើយខ្ញុំក៏មាននិស្ស័យខាងផ្នែកសិល្បៈច្រើនទម្រង់ទៀត ដូចជា គំនូរចម្រៀង និង ការសម្ដែងភាពយន្ត។ ខ្ញុំធ្លាប់បានសម្ដែង ភាពយន្តតាំងពីវ័យក្មេង បាន២រឿងហើយ។ តែយ៉ាងណាមិញ ខ្ញុំគិតថា ខ្ញុំកើតមកសម្រាប់ការតែងនិពន្ធច្រើនជាង។

សំនួរទី២ ៖ ចង់ឱ្យ រស្មី ស្រាយបំភ្លឺអំពីគោលបំណងធំ ឬអ្វីដែលជំរុញចិត្តរស្មីឱ្យតែងនិពន្ធសៀវភៅ "កំណត់ហេតុពណ៌ស្វាយ" ហើយដាក់ចំណងជើងសៀវភៅមួយនេះ? 

កញ្ញា ម៉ៅ ចាន់រស្មី៖ កម្លាំងជម្រុញចិត្តដំបូង គឺដោយសារខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តកត់ត្រាអារម្មណ៍ខ្លួនឯងទុកហើយខ្ញុំចេះតែស្រម៉ៃថា បើខ្ញុំរើសបានសៀវភៅកំណត់ហេតុរបស់អ្នកណាម្នាក់ ហើយជារឿងដែលកត់ត្រាក្នុងសម័យមុន តើខ្ញុំនឹងមានអារម្មណ៍រំភើបយ៉ាងណា? ក្រោមការជ្រោមជ្រែងពីម្តាយខ្ញុំផ្ទាល់និងក្រុមការងារសៀវភៅជីវិត ធ្វើឱ្យខ្ញុំសម្រេចចិត្តថា ខ្ញុំត្រូវតែប្រែក្លាយគំនិតមួយនេះ ឱ្យទៅជាប្រលោមលោកដែលមិនត្រឹមតែផ្តល់នូវការកំសាន្តដល់អ្នកអានប៉ុណ្ណោះទេ តែវាជាប្រលោមលោកដែលបង្កប់ទស្សនៈអប់រំ និងបង្ហាញពីជ្រុងដ៏ស្រស់ស្អាតដែលយើងមាន។ខ្ញុំដាក់ចំណងជើងរឿងបែបនេះ ព្រោះសៀវភៅ កំណត់ហេតុពណ៌ស្វាយ គឺជាគោលសំខាន់បំផុតនៅក្នុងសាច់រឿងមួយនេះ។

សំនួរទី៣៖​ រស្មី ជាកូនស្រី ដែលស្នងនិស្ស័យតែងនិពន្ធ ពី អ្នកនិពន្ធ ម៉ោង សំណាង ដែលជាអ្នកនិពន្ធដ៏ល្បី ក្នុងប្រទេស តើរស្មីធ្លាប់មានបញ្ហានឹងរឿងនេះដែរ ឬទេហើយតើរស្មីដោះស្រាយវាដោយវិធីណា ឬ ក៏រស្មីយល់យ៉ាងណាចំពោះនិស្ស័យ និងទេពកោសល្យតែងនិពន្ធប្រលោមលោកនេះ? 

កញ្ញា ម៉ៅ ចាន់រស្មី៖ ក្នុងនាមជាកូនស្រីម្នាក់ដែលនឹងស្នងតំណែងពីម្ដាយ វាមានចំណុចវិជ្ជមានហើយក៏មានចំណុចអវិជ្ជមានដូចគ្នា ព្រោះខ្ញុំតែងតែត្រូវបានគេប្រៀបធៀប នឹងរង់ចាំវាយតម្លៃជានិច្ចថា តើខ្ញុំនឹងអាចស្នងតំណែងនេះជំនួសបានដែរឬទេ? តើខ្ញុំអាចនិពន្ធបានល្អស្មើនឹងម្ដាយឬទេ វាជាសម្ពាធមួយសម្រាប់ខ្ញុំ ប៉ុន្តែដើម្បីជំនះរបាំងទាំងអស់នេះខ្ញុំត្រូវតែហ៊ានប្រឈមមុខនឹងការពិត ថាទោះជាស្នាដៃរបស់ខ្ញុំ យ៉ាងណាក៏ដោយច្បាស់ណាស់ថាខ្ញុំនឹងនៅតែទទួលបានការរិះគន់ផ្សេងៗពីគ្នា ហេតុនេះហើយខ្ញុំមានតែធ្វើឱ្យបានល្អបំផុតតាមដែលខ្ញុំអាចធ្វើបាន តែអ្នកអានយល់យ៉ាងណានោះ ខ្ញុំមិនអាចគ្រប់គ្រងបានទេ។ ហើយបើខ្ញុំនៅតែខ្លាចការរិះគន់ ការប្រៀបធៀបខ្ញុំច្បាស់ជាមិនអាចដើរលើវិថីនេះបានឡើយដូច្នេះខ្ញុំត្រូវតែហ៊ានដើរ ដោយភាពរឹងមាំ។

សំនួរទី៤៖ តាមបទពិសោធន៍ជាក់ស្ដែងរបស់ខ្លួន តើការតែងនិពន្ធប្រលោមលោកសម្រាប់រស្មី មានអត្ថន័យបែបណា? តើអត្ថបទប្រលោមលោកណាដែលរស្មី យកជាគំរូសម្រាប់តែងនិពន្ធសៀវភៅរបស់ខ្លួន?

កញ្ញា ម៉ៅ ចាន់រស្មី៖ សម្រាប់ខ្ញុំការតែងនិពន្ធប្រលោមលោក មិនមែនត្រឹមតែជាអក្សរសាស្ត្រ តែវាជាអក្សរសិល្ប៍គឺសិល្បៈនៃការតែងនិពន្ធ ពោរពេញដោយភាពច្នៃប្រឌិតផ្សេងៗពីគ្នា ថ្វីត្បិតតែខ្ញុំចូលចិត្តអានប្រលោមលោកច្រើនតែខ្ញុំមិនបានយកប្រលោមលោករបស់អ្នកនិពន្ធណាមកធ្វើជាគំរូក្នុងការនិពន្ធរឿងផ្ទាល់ខ្លួនឡើយ។ គ្រប់ពាក្យគ្រប់ម៉ាត់ នៃអត្ថបទក្នុងប្រលោមលោករបស់ខ្ញុំ វាសុទ្ធតែចេញ ពីគំនិតភាពស្រមើស្រមៃនិងការច្នៃប្រឌិតផ្ទាល់ខ្លួនទាំងអស់ ហើយខ្ញុំជឿថាយើងពុំចាំបាច់យកគំរូអ្នកណាម្នាក់ឡើយ ដើម្បីអាចក្លាយជាអ្នកនិពន្ធ ចូរធ្វើជាខ្លួនឯង ប្រើប្រាស់គំនិតច្នៃប្រឌិតផ្ទាល់ខ្លួនឲ្យបានអស់ពីលទ្ធភាព។

សំនួរទី៥៖ សូមរស្មី ជួយចែករំលែកពី តាកតិច ចង់ចិត្តអ្នកអាន ឬវិធីសាស្រ្តតែងនិពន្ធរបស់រស្មីឬក៏ជា Tipsនៃការតែងនិពន្ធរបស់រស្មីជូនដល់អ្នកអាន។ 

កញ្ញា ម៉ៅ ចាន់រស្មី៖ ខ្ញុំគ្មានតាក់តិចអ្វីពិសេសណាស់ណាទេ ខ្ញុំគ្រាន់តែសរសេរតាមអ្វីដែលខ្ញុំខ្លួនឯងចង់អានប៉ុណ្ណោះព្រោះខ្ញុំធ្លាប់ជាអ្នកអានម្នាក់ ដូច្នេះខ្ញុំដឹងថាខ្ញុំចង់អានរឿងបែបណា ហើយសាច់រឿងយ៉ាងម៉េចទើបទាក់ទាញ គួរឲ្យចង់តាមដាន។ អ្វីដែលខ្ញុំអាចចែករំលែកបាននោះ គឺធ្វើយ៉ាងណាឱ្យសាច់រឿង មានអាថ៌កំបាំង ហើយភាពប្រទាក់ក្រឡា សមហេតុសមផល។ ហើយភាពសមហេតុសមផលនោះ មិនមែនស្ថិតនៅលើតែគំនិតយើងម្នាក់ប៉ុណ្ណោះទេ តែត្រូវពិភាក្សាជាមួយមនុស្សជាច្រើននាក់ ដើម្បីទទួលបានចំណុចរួមមួយ ដែលអាចទទួលយកបាន។

សំនួរទី៦៖​ ជាសំនួរទាក់ទងហ្នឹងគោលដៅអនាគត តើរស្មី មានគោលគំនិតផ្តោតតែលើប្រលោមលោក ឬក៏រស្មីនឹងបង្កើតអ្វីថ្មីទៀត សម្រាប់ដំណើរផ្សងព្រេងក្នុងវិស័យតែងនិពន្ធនេះ?

កញ្ញា ម៉ៅ ចាន់រស្មី៖ ខ្ញុំមិនទាន់មានគោលដៅអ្វីវែងឆ្ងាយលើសពីការនិពន្ឋប្រលោមលោកនៅឡើយទេក្នុងពេលបច្ចុប្បន្ន។ ខ្ញុំមានត្រឹមតែការប្រឹងប្រែង ធ្វើអ្វីដែលខ្ញុំអាចធ្វើបាននៅក្នុងពេលបច្ចុប្បន្ននេះឱ្យល្អបំផុតប៉ុណ្ណោះ។អរគុណ៕