សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ការអានគឺជាផ្នែកមួយដ៏សំខាន់ដែលខួរក្បាលត្រូវការជាចាំបាច់។ ប៉ុន្ដែតម្លៃនៃទិញសៀវភៅប្រភពដើមក្រៅប្រទេស គឺមានតម្លៃថ្លៃជាងធម្មតា។
ការអានបានផ្តល់នូវ អត្ថប្រយោជន៍យ៉ាងច្រើនដូចជាអភិវឌ្ឍន៍ការអប់រំ កម្រិតនៃការយល់ដឹងនិងសីលធម៍ ក្នុងសង្គមជាដើម។ ហើយសង្គមមួយដែលរីកចម្រើនខ្លាំងទៅបាន ក៏អាស្រ័យលើ ប្រជាជនដែលមានចំណេះដឹងមកពីការអានផងដែរ។ ដូច្នេះហើយបាន ជាមនុស្សនាយុគសម័យនេះ ងាកមកចាប់អារម្មណ៍ទៅលើការអានច្រើនពោលគឺមិនថាក្មេង ចាស់ ប្រុសស្រីនោះទេ។ ប៉ុន្តែប្រសិនបើគ្មានលុយគ្រប់គ្រាន់ដើម្បីទិញសៀវភៅមកអាន ឬចង់ចំណាយតិចក្នុងការអានហើយទទួលបាន លទ្ធផលដូចគ្នានោះ តើត្រូវធ្វើបែបណា?
១) ការបង្កើតក្រុមអាននិងចែករំលែកគំនិតដែលបានអានចេញពីសៀវភៅ
ការបង្កើតក្រុមអានសៀវភៅគឺជាគំនិតដ៏ល្អមួយដែលជួយកាត់បន្ថយការចំណាយរបស់អ្នក។ការបង្កើតក្រុមមួយដោយមានសមាជិកចាប់ពី៣ ទៅ៥ នាក់ ដែលអាចជាមិត្តភក្តិរបស់អ្នក ឬអ្នកស្គាល់គ្នា។ តាមរយៈសកម្មភាពអានសៀវភៅជាក្រុមអ្នកអាចធ្វើជាការរៃអង្គាសលុយគ្នា ដើម្បីទិញសៀវភៅឱ្យបានច្រើនក្បាលបន្ទាប់មកធ្វើការចែកគ្នាអានម្តងម្នាក់។ ការធ្វើដូច្នេះ អ្នកអាចចំណាយតិច ប៉ុន្តែបានសៀវភៅច្រើនក្បាលដែលអាចផ្លាស់ប្តូរគ្នាអានម្នាក់ម្តងៗហើយថែមទាំងអាចស្វែងយល់ពីអត្ថន័យនៃសៀវភៅនីមួយៗដោយការពិភាក្សាគ្នាថែមទៀត។
២) ធ្វើការស្វែងរកសៀវភៅតាមប្រព័ន្ធអ៊ិនធឺណេត E-Book
នៅលើបណ្តាញអ៊ិនធឺណេត គឺមានសៀវភៅជាច្រើនដែលអាចឲអ្នកធ្វើការទាញមកអានបាន ដោយមិនចាំបាច់ចំណាយប្រាក់ឡើយ ដែលស្ថិតនៅលើគេហទំព័រមួយចំនួនដូចជា BookBoon.com និង Google eBookstore.comជាដើម។ លោកអ្នកគ្រាន់តែចូល ទៅកាន់គេហទំព័រណាមួយខាងលើឬគេហទំព័រផ្សេងពីនេះ រួចហើយធ្វើការស្វែងរក សៀវភៅដែលពេញចិត្ត និងទាញយកមកអានតាមរយៈទូរស័ព្ទដៃឬកុំព្យូទ័ររបស់អ្នក ការស្រេច។ ជាពិសេសគឺមានច្រើនភាសាម្រាប់ជ្រើសរើសតាមដែលយើងចង់បាន។ ហើយក៏មានវេបសាយជាច្រើនទៀតដែលមានលក់សៀវភៅល្បីៗនៅលើពិភពជាហ្វាល់ ដែលមានតម្លៃធូរថ្លៃជាងការទិញផ្ទាល់ដៃ។
៣) ការស្តាប់សៀវភៅជាសម្លេង Audio Book
ការស្តាប់ការអានជាសម្លេងក៏ជួយកាត់បន្ថយការចំណាយមួយផ្នែកដែរ។ សៀវភៅមួយចំនួនត្រូវបានគេធ្វើការថតជាសម្លេងបង្ហោះចែកចាយលើបណ្តាញអ៊ិនធឺណេតឬនៅតាមវេបសាយនិងឆានែលផ្សេងៗ។ អ្នកអាចធ្វើការស្វែងរកសៀវភៅជា សម្លេងដូលចូលទៅកាន់បណ្តោញអ៊ិនធឺណេតនិងយូធូបដែលអ្នកអាចស្តាប់ ជំនួសការអានបាន។
៤) ខ្ចីមិត្តភភ្តិរបស់អ្នក ឬទៅអាននៅបណ្ណាល័យ
ការខ្ចីសៀវភៅពីមិត្តភក្តិ ឬបណ្ណាល័យសាធារណៈមកអាន គឺជាជម្រើសដ៏ល្អមួយដែលជួយកាត់បន្ថយទៅលើការចំណាយលុយទិញសៀវភៅថ្មី។ បណ្ណាល័យគឺជាកន្លែងដែលបរមូលផ្តុំទៅដោយសៀវភៅនិងឯកសារច្រើនប្រភេទ។ ចំណែកនៅប្រទេសកម្ពុជាក៏មានបណ្ណាល័យជាតិ ដែលអាចឱ្យសិស្សានុសិស្សឬសាធារណៈជនទូទៅចូលអានដោយឥតគិតថ្លៃផងដែរ៕