សណ្ឋាគារឯកជន១ទៀតត្រូវបានបិទ ក្រោយដឹងថាអ្នកជម្ងឺដែលមានផ្ទុកកូវីដ១៩ បានទៅទីនោះ

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ផ្សារ​អ៊ី​អ៊​ន​១ និង សាលារៀន​អន្តរទ្វីប​អា​មេ​រិ​កាំ​ង សាខា​ចាក់​អង្រែ ជា​បណ្ដោះអាសន្ន​រយៈពេល ២ ស​ប្ដា​ហ៍​ដែល​ត្រូវ​បាន​បិទ  ថ្ងៃនេះក្រសួងសុខាភិបាល​បាន​ប្រកាស​សម្រេច​បិទ "សណ្ឋាគារ​ភ្នំពេញ" ចំនួន២ថ្ងៃ ជាបណ្ដោះអាសន្ន ក្រោយ​រក​ឃើញ​អ្នកជំងឺ​កូ​វី​ដ ១៩ បាន​ទៅ​ហាត់ប្រាណ​និង​ហែល​ទឹក​នៅ​ទីនោះ ។​

តាម​ការ​ស្រាវជ្រាវ នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ អ្នកជំងឺ​បាន​ទៅ​ហាត់ប្រាណ និង​ងូតទឹក​នៅ​សណ្ឋាគារ​ភ្នំពេញ ដូច្នេះ ក្រសួងសុខាភិបាល ទទួល​បានការ​ឯកភាព​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​បិទ​សណ្ឋាគារ​នេះ​រយ​:​ពេល​ពីរ​ថ្ងៃ​ដើម្បី​ស្រាវជ្រាវ​រក​អ្នក​បះ​ពាល់ និង​យក​សំណាក​មក​ធ្វើតេស្ត​។ នេះបើតាមការលើកឡើងរបស់ ក្រសួងសុខាភិបាល​នាព្រឹកទី ២៩ វិច្ឆិកា នេះ។

ក្រសួង​បាន​បន្ត​ថា សេចក្តី​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​មេត្តា​ជ្រាប ហើយ​អ្នក​ដែល​ពាក់ព័ន្ធ​នៅ​ថ្ងៃ​នោះ សូម​មក​ធ្វើតេស្ត​នៅ​ថ្ងៃនេះ នៅ​តាម​ទីតាំង​រៀបចំ​ដោយ​ក្រសួងសុខាភិបាល​ ​បាន​ចេញផ្សាយ​នៅ​ព្រឹក​មិ​ញ​នេះ ឲ្យ​បាន​គ្រប់​ៗ​គ្នា​។

សូម​បញ្ជាក់​ថា​នៅ​ថ្ងៃ​ទី ២៩ វិច្ឆិកា​នេះ ក្រសួងសុខាភិបាល បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ថា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន ៧ នាក់ ដែល​ក្នុង​នោះ ៦ នាក់​ជា​ក្រុម​គ្រួសារ​របស់​​លោក​ ឆែម សា​វុ​ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ដែល​មាន​វិជ្ជមាន​កូ​វី​ដ ១៩ ៕