មេរៀនជីវិតដ៏អស្ចារ្យ១ ដែលខ្ញុំរៀនពីលោក Bill Gates ហើយចាំមិនភ្លេច

តាមភាពយន្តឯកសារមួយ ដែលមានចំណងជើងថា នៅខាងក្នុងខួរក្បាលរបស់ Bill (ប៊ីលហ្គេត) : សាច់រឿងនេះ បានបង្ហាញពី ការធ្វើដំណើរជីវិតដ៏អស្ចារ្យរបស់គាត់ ផ្ដើមតាំងពីការផលិតកម្មវិធីOfficeសម្រាប់មនុស្សប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់ការបង្កើតបានជា ក្រុមហ៊ុនដ៏មានឥទ្ធិពលបំផុតមួយលើពិភពលោកគាត់បានក្លាយជាអ្នកមានបំផុតម្នាក់ ហើយបច្ចុប្បន្ននេះ កំពុងតែដឹកនាំមូលនិធិមនុស្សធម៌ដ៏ធំមួយដើម្បីជួយមនុស្សរាប់លាននាក់។

ប៉ុន្តែ ហេតុផលដែលខ្ញុំចាប់អារម្មណ៍នឹង លោក ហ្គេតមិនមែនរឿងទាំងអស់នោះទេ។ វាមិនមែនជា ជោគជ័យ ឬក៏វិធីសាស្រ្ដក្នុងការគិត ការដោះស្រាយបញ្ហាសំខាន់ៗរបស់ពិភពលោកដោយប្រើបច្ចេកវិទ្យាដែលគាត់បានផលិតនោះដែរ។ ចំពោះខ្ញុំ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតគឺអ្វីដែលគាត់បង្រៀនយើងអំពីអត្ថន័យនៃការក្លាយជាមនុស្ស។

សាច់រឿងទាំងមូលបានលើកឡើងជាសំណួរជាច្រើន ដើម្បីឲ្យលោកBillGates ឆ្លើយ៖ ដូចជា តើចំណូលចិត្តគាត់មានអ្វីខ្លះ? គាត់ញ៉ាំអ្វី សម្រាប់អាហារពេលព្រឹក? គាត់មានទម្លាប់ប្រចាំថ្ងៃអ្វីខ្លះ? និងសំណួរជាច្រើនទៀត។ ក្នុងនោះខ្ញុំចាប់អារម្មណ៍សំណួរតែមួយគត់ដែលអ្នកសម្ភាសន៍បានចោទសួរគាត់ថា "តើថ្ងៃណា ជាថ្ងៃដែលអាក្រក់បំផុតក្នុងជីវិតរបស់អ្នក?"

សំណួរមួយចំនួនគាត់ងាយស្រួលក្នុងការឆ្លើយ ប៉ុន្តែសំណួរមួយនេះវិញគឺខុសគ្នា។ គាត់ជូតមុខ ហើយមើលចុះក្រោម។ គាត់ហាក់ដូចជាកំពុងគិត ប៉ុន្តែមិនមែនបែបនោះទេ។គាត់ដឹងថា គាត់ត្រូវនិយាយអ្វី តែគាត់មិនចង់និយាយទេ។ 

ខណៈពេលនោះអ្នកសម្ភាសន៍ ក៏នៅស្ងៀមបន្តិចផងដែរ។តែចុងក្រោយ គាត់និយាយថា៖ ថ្ងៃអាក្រក់នោះ ជាថ្ងៃដែលម្ដាយខ្ញុំបានស្លាប់។

អង្គុយនៅក្នុងបណ្ណាល័យផ្ទះរបស់គាត់ ដែលមានតម្លៃ១២៧ លានដុល្លារ គាត់គឺជាបុរសម្នាក់ ដែលបានសំរេចនូវការងារអ្វីគ្រប់យ៉ាងនិងទទួលបានជោគជ័យបំផុត។

តែឆ្លើយនឹងសំណួរខាងលើ គាត់បែរជាមិនយកចំនុចមិនល្អដែលធ្លាប់បានកើតឡើងក្នុងជីវិតការងារ មកឆ្លើយ ដែលយើងអាចចាំបានខ្លះដូចជា ៖ “ ថ្ងៃដែលSteveJobs ចោទប្រកាន់គាត់ ពីការលួចគំនិត”

គាត់ក៏មិនបានឆ្លើយដែរថា៖  "ថ្ងៃដែលខ្ញុំត្រូវបានគេធ្វើឱ្យអាម៉ាស់មុខដោយការគប់នំខេកកណ្ដាលមុខ នោះទេ។ "

គាត់មិនបាននិយាយថា "ថ្ងៃដែលយើងត្រូវបានគេបង្ខំឱ្យបង់ប្រាក់ពិន័យចំនួន ១,៣ ពាន់លានដុល្លារ លើបទរំលោភសេចក្តីទុកចិត្ត"ទេ។ មិនថាអ្នកជានរណា ឬអ្នកប្រាថ្នាចង់ធ្វើអ្វីនោះទេ នៅចុងបញ្ចប់នៃជីវិត មិនមែននិយាយអំពី លុយឬឋានៈ ឬអំណាច ហើយក៏មិនមែន កេរ្តិ៍តំណែលនោះដែរ។

បើនិយាយពីជីវិត នោះគឺអំពីមនុស្ស។ មនុស្សដែលអ្នកជួប មនុស្សដែលអ្នកនឹក សូម្បីតែមនុស្សដែលអ្នកស្អប់។ តែភាគច្រើននៃជីវិត គឺយើងនិយាយអំពីមនុស្សដែលយើងស្រឡាញ់។ អ្នកខ្លះ អាចនឹងស្លាប់មុនក៏ថាបាន ហើយក៏គ្មានអ្វីដែលអាចនាំពួកគេត្រឡប់មកវិញទេ មិនថានោះជាទ្រព្យពាន់លាន ជាកេរ្ដិ៍ឈ្មោះល្បីល្បាញឡើយ។

យើងម្នាក់ៗ មានពេលវេលាដែលមានកំណត់។ ប៉ុន្តែនៅពេលនិយាយអំពីការចំណាយពេលជាមួយមនុស្ស ដែលយើងស្រលាញ់ យើងប្រហែលជាមានពេលតិច។ លោក ប៊ីលហ្គេត បានរំលឹកខ្ញុំពីចំនុចនេះ ហើយខ្ញុំក៏យល់ថា វាជាមេរៀនដ៏អស្ចារ្យបំផុតពីគាត់៕