«ស៊ីក្លូជាផ្ទះរបស់ខ្ញុំ»

សព្វថ្ងៃនេះសេវាកម្មម៉ូតូឌុបរ៉ឺម៉កកង់បី ឬឡានក្រុងសាធារណៈកាន់តែមានការកើនឡើងនិងពេញនិយមប្រើប្រាស់។ ដោយឡែកបើយើងក្រឡែកមកមើលមួយជ្រុងទៀតការប្រកបរបរធាក់ស៊ីក្លូដឹកភ្ញៀវឬដឹកអីវ៉ាន់ផ្សេងៗដែលមិនសូវមានគេពេញនិយមប្រើប្រាស់ក៏នៅតែជារបរដ៏សំខាន់សម្រាប់មនុស្សមួយចំនួនផងដែរ។

« ក្មួយៗ ត្រូវការជិះស៊ីក្លូទេ?»​សម្តីមួយៗខ្សោយៗ នេះជាការសែ្រកហៅភ្ញៀវរបស់លោកតាម្នាក់ដែលប្រកបរបរធាក់ស៊ីក្លូនៅម្តុំផ្សារកណ្តាលទៅកាន់អ្នកដំណើរនៅទីនោះ។  មានវ័យ ៨៤ឆ្នាំ លោកតា​ ម៉ែន ផែនដែលមានស្រុកកំណើតនៅខេត្តតាកែវ បានមកប្រកបរបរធាក់ស៊ីក្លូនៅម្តុំផ្សារកណ្តាលជាង ៣០ឆ្នាំហើយ។និយាយទាំងទឹកភ្នែករលីងរលោងថា៖ « ​របរធាក់ស៊ីក្លូ រកមួយថ្ងៃគឺដើម្បីតែមួយថ្ងៃទេ មិនមានអ្វីជាដុំកំភួនដូចគេផ្សេងឡើយហើយជីវិតក៏រឹតតែវេទនា »។

លោកតាមានកូន ១១នាក់តែនៅសល់តែ៦នាក់ទេ ដោយកូន៥នាក់ និងប្រពន្ធបានស្លាប់ក្នុងសម័យ ប៉ុលពត អស់ហើយ។ ជាក់ស្តែងលោកតាបានបញ្ជាក់ថាទោះមានកូននៅ៦នាក់មែន តែពួកគេមិនមានលទ្ធភាពចិញ្ចឹមលោកឡើយ ដោយកូនៗរបស់លោកតាក៏មានជីវភាពខ្សត់ខ្សោយដែរ។ដូចនេះលោកតាមានតែបង្ខំចិត្តរត់ស៊ីក្លូដើម្បីរកប្រាក់ចិញ្ចឹមខ្លួន​ឯងផង និង សន្សំប្រាក់ខ្លះសម្រាប់យកទៅវត្តនៅពេលមានបុណ្យទានផង។ 

ជាក់ស្តែង លោកតាធាក់ស៊ីក្លូមួយថ្ងៃរកបានកំរៃត្រឹមតែជាងពីរម៉ឺនរៀលហើយតម្លៃសម្រាប់ដឹកភ្ញៀវម្នាក់គឺ ចន្លោះពី ៣ពាន់រៀលទៅ៥ពាន់រៀនដោយផ្អែកលើចំងាយផ្លូវ។ ជួនពេលខ្លះលោកតាត្រូវដាច់បាយក៏មានព្រោះថាមិនមានគេជិះស៊ីក្លូ។និយាយបណ្តើរភ្នែកក្រឡេកមើលទៅស៊ីក្លូបណ្តើរ លោកតាបានប្រាប់ថា៖ « បើមិនធាក់ស៊ីក្លូតាមិនដឹងទៅធ្វើអ្វីទេដើម្បីរកលុយចិញ្ចឹមក្រពះព្រោះថា អាយុកាន់តែច្រើននិងគ្មានចំនេះដឹងអ្វីទៀត»។មិនតែប៉ុណ្ណោះលោកតាត្រូវជួលស៊ីក្លូគេដោយក្នុងមួយខែ៥ម៉ឺនរៀល  ហេតុដូចនេះមានពេលខ្លះដែលមិនមានភ្ញៀវជិះលោកតាត្រូវដើរសុំដឹកអីវ៉ាន់អោយគេដើម្បីសន្សំលុយទុកអោយថ្លៃស៊ីក្លូគេរាល់ខែ។

បើនិយាយពីកន្លែងស្នាក់នៅវិញព្រោះតែមិនមានប្រាក់គ្រប់គ្រាន់ ដូចនេះលោកតានិងអ្នកធាក់ស៊ីក្លូផ្សេងៗទៀតត្រូវសំរាន្តនៅលើស៊ីក្លូទាំងយប់ទាំងថ្ងៃ​នៅក្បែរផ្សារកណ្តាល។ ដោយមានទឹកមុខព្រួយបារម្ភ លោកតាបានលើកឡើងថា៖«ដោយខ្លាចពួកក្មេងស្ទាវមកលួចយកស៊ីក្លូចឹងពួកតាៗត្រូវដាក់វេណគ្នាយាម»។ រីឯម្ហូបអាហាររាល់ថ្ងៃគឺលោកតាបរិភោគមិនគ្រប់គ្រាន់ឡើយដោយលោកបានរៀបរាប់ថា នៅពេលដែលមិនមានលុយគ្រប់គ្រាន់គឺត្រូវទិញបាយសមួយថង់ (មួយពាន់រៀល)ហូបជាមួយ លៀសហាល​ (៥រយរៀល) សម្រាប់ដោះទាល់មួយពេលថ្ងៃត្រង់។

ដោយហេតុតែនៅម្នាក់​ឯងខ្លួនមួយក្នុងទីក្រុងភ្នំពេញដូចនេះនៅពេលឈឺស្កាត់ល្មមៗមិនហ៊ានឈប់ទៅរត់ស៊ីក្លូឡើយដូចនេះលោកតាត្រូវទៅរត់ទាំងឈឺទាំងជា ។ ដោយយកដៃម្ខាងជូតទឹកភ្នែក លោកតាបានបន្តថា៖«ពេលតាមិនស្រួលខ្លួន តានៅតែទៅរត់ស៊ីក្លូទាំងឈឺក្បាលនិងជួនកាលញ័រជើងធាក់មិនចង់ទៅមុខទេ តែមិនហ៊ានឈប់ព្រោះខ្លាចគ្មានលុយបង់ថ្លៃស៊ីក្លូអោយគេ»។ លោកតាក៏លើកឡើងថា មានអ្នកធាក់ស៊ីក្លូជាមួយគ្នាខ្លះឈឺខ្លាំង ខ្យល់គរពេលគេងលើស៊ីក្លូក៏ស្លាប់ទៅតែម្តងក៏មានដែរ។

និយាយទាំងអួលដើមករថា៖«ទៅថ្ងៃមុខតាមិនដឹងទៅធ្វើអីកើតទេក្រៅពីធាក់ស៊ីក្លូ ចឹងមានតែនៅធាក់ស៊ីក្លូដល់ថ្ងៃណាទៅលែងរួចថ្ងៃហ្នឹងទៅ»។

អត្ថបទដោយ ចាន់ ជីវ៉ា