លោក ថុល តូម៉ាបច្ចុប្បន្នជាបុគ្គលិកតំណាងអង្កការគ្រឿងញៀនស្វីស ប្រចាំប្រទេសអាស៊ី និងជាមន្ត្រីសម្របសម្រួល អាហាររូបករណ៍សិស្សក្រីក្រ។លោកក៏ជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី Zurich University ប្រទេសស្វ៊ីសផ្នែកចិត្តវិទ្យាផងដែរ ។
តូម៉ា ជាកូនកសិករ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលពុំសូវជាមានជីវភាពធូរធានោះទេ។ ប៉ុន្តែ យុវជនសម្បុររាងស រូបនេះ បានពុះពារជម្នះឧបសគ្គគ្រប់បែបយ៉ាងដើម្បីបំពេញក្តីស្រម៉ៃរបស់ខ្លួន ដោយចង់បន្តការសិក្សាឲ្យបានខ្ពង់ខ្ពស់ ព្រោះលោកយល់ថា មានតែការសិក្សានោះទេ ទើបធ្វើឲ្យលោក អាចផ្លាស់ប្តូរជីវិតរបស់លោកឲ្យត្រចះត្រចង់ និងភ្លឺស្វាង នាពេល អនាគត។
ទើបតែបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យនៅប្រទេសស្វ៊ីស តូម៉ា បានខិតខំ អស់ពីកម្លាំង កាយចិត្តដើម្បីស្វែងរកអាហារូបករណ៍ ពីតាមសាកលវិទ្យាល័យក្នុងស្រុកមួយចំនួនសម្រាប់សិស្សនិស្សិតក្រីក្រ ដែលទើបតែបញ្ចប់ ការសិក្សាទុតិយភូមិ កាលពីពេលថ្មីៗនេះបានចំនួន ៥២នាក់ ដែលសិស្សទាំងនោះមកពីខេត្តនៅជុំវិញ បឹងទន្លេសាប ។
តូម៉ាបានបញ្ជាក់ពីមូលហេតុនៃការសម្រេចជួយសិស្សដែលមកពីគ្រួសារដែលមានជីវភាព ក្រីក្រទាំងនោះថា ដោយសារតែ ធ្លាប់ឆ្លងកាត់ ការលំបាកជាច្រើន ខណៈពេលដែលលោក ជាសិស្ស ដូច្នះហើយ លោកយល់ពី ការលំបាកទាំងនោះ និង ចង់ស្វែងរកដំណោះស្រាយ ឲ្យពួកគេ។
លោក ឲ្យដឹងផងដែរថា៖ «សិស្សមួយចំនួនបាត់បង់ឱកាសទទួលបានការសិក្សាខ្ពង់ខ្ពស់ និង ចូលរួមអភិវឌ្ឍសង្គមដោយសារកង្វះខាតព័ត៌មាន។ ដូច្នេះហើយ លោក ព្រមទាំងក្រុមការងាររបស់លោកបានចំណាយពេលអស់ជាច្រើនសប្តាហ៍ ចុះទៅដល់សហគមន៍ផ្សព្វផ្សាយព័ត៌មានពីការសិក្សានៅឧត្តមសិក្សា ព្រមជាមួយនឹងការជ្រើសរើសសិស្សក្រីក្រ ឲ្យទទួលបាន អាហារូបករណ៍ មកសិក្សានៅរាជធានីភ្នំពេញ»។
អ្វីដែលគួរកោតសរសើរ និង ស្ញប់ស្ញែងជាងនេះទៀតនោះជារៀងរាល់ចុងសប្តាហ៍ លោក តែងតែឆ្លៀតពេលទំនេរ បង្ហាត់បង្ហាញបន្ថែមទៅដល់សិស្សទាំងនោះ ពីសីលធម៌ក្នុងការរស់នៅ ក៏ដូចជា បង្ហាត់បង្ហាញពី ការរាំរបាំផងដែរ។
របត់នៃជីវិតនៅប្រទេស ស្វ៊ីស
ឆាកជីវិតមនុស្ស មិនអាចទៅត្រង់រហូតនោះទេ ពោលគឺវាតែងតែមានភាពបត់បែនដែលកើតឡើង ដោយមិនបាន ព្រាងទុកមុន។ មែនទែនទៅ តូម៉ាបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសស៊្វីសតាំងពីពេលកំពុងសិក្សាឆ្នាំទីបី ថ្នាក់បរិញ្ញាបត្រមកម្ល៉េះប៉ុន្តែដោយសារបញ្ហាសុខភាព លោកក៏បានស្នើសុំ ឲ្យអូសបន្លាយពេលទៅសិក្សារហូតដល់ក្រោយពេលលោកបញ្ចប់ថ្នាក់បរិញ្ញាបត្រ។បញ្ហាដែលលោក បានជួបប្រទះពេលនោះ គឺ លោកមានជំងឺមហារីកគ្រាប់ឈាម។
ជាសំណាងល្អ នៅពេលដែលយុវជនម្នាក់នេះទៅដល់ប្រទេសស្វីស លោកបានទទួលនូវការវះកាត់ ព្យាបាលខួរឆ្អឹងខ្នងដោយមានការជួយឧបតម្ភពីសំណាក់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលប្រទេសស្វ៊ីស ហើយ មកទល់ពេលនេះ លោក ត្រូវតែទៅ ប្រទេសថៃដើម្បីតាមដានស្ថានភាពជម្ងឺរបស់លោក ជាប្រចាំ។
យុវជនដែលមានឆន្ទៈមុះមត់ ស្រឡាញ់ការរៀនសូត្រម្នាក់នេះ មិនបានផ្តេកផ្តួលជោគវាសនាទៅតាមជំងឺដែរ។ លោកបានឆ្លៀតឱកាសក្នុងពេលសម្រាកលើគ្រែ សរសេរអត្ថបទ Journal មួយដែលមានចំណងជើងថា«I am on the bed» ដែលរៀបរាប់អំពីស្ថានភាពជំងឺនិងក្តីសង្ឃឹមរបស់ខ្លួន ទោះស្ថិតនៅក្នុងស្ថានភាពលំបាកក៏ដោយ។ អត្ថបទនេះលោកបាន រៀបរាប់ពីជីវិតពិតរបស់ខ្លួន ដែលអស់សង្ឃឹមដោយសារមានជំងឺមហារីកគ្រាប់ឈាមនៅពេលដែលឮវេជ្ជបណ្ឌិតពិគ្រោះគ្នាថា លោកមានសង្ឃឹមតែ ៤០ ទៅ ៦០%។
ជាមួយគ្នានេះអត្ថបទក៏បានរៀបរាប់អំពីជីវិតក្នុងរយៈពេលជាងមួយខែដែលលោកក្លាយជាមនុស្សរុក្ខជាតិ ដែលគេងនៅលើគ្រែឮតែសំឡេងម្តាយចិញ្ចឹមរបស់លោកឈ្មោះ Michael (God Motherin Switzerland) និយាយផ្តល់ក្តីសង្ឃឹមដល់លោកប៉ុណ្ណោះ។
ស្នាដៃសរសេរអត្ថបទបង្កប់ដោយមនោសញ្ចេតនាឆ្លុះបញ្ចាំងពីអារម្មណ៍ពិតក្នុងនាមជាអ្នកជំងឺផ្ទាល់បានធ្វើឲ្យលោកទទួលបានរង្វាន់លេខមួយក្នុងកម្មវិធីការប្រកួតអត្ថបទ «Journal Contest ២០១៤» ដែលមានអ្នកចូលរួមប្រមាណ១៥០០នាក់ក្នុងប្រទេសស្វ៊ីស។
លោកបានរៀបរាប់ថា៖ «នៅពេលដែលត្រូវធ្វើបទបង្ហាញក្នុងវគ្គចុងក្រោយពេលនោះលោក ស្ថិតនៅក្នុងសភាពអង្គុយលើរទេះរុញនៅឡើយទេ ដោយមានដុកទ័រជាអ្នករុញឲ្យគាត់ ខណៈលោកធ្វើបទបង្ហាញ។ អត្ថបទ I am on the bed របស់ខ្ញុំស្ទើរតែធ្វើឲ្យអ្នកស្តាប់ទប់ទឹកភ្នែកមិនបាន ព្រោះសាច់រឿងទាំងអស់នោះបានឆ្លុះបញ្ចាំងពីសភាពដែលខ្ញុំក្លាយជាមនុស្សរុក្ខជាតិ រយៈពេលមួយខែនិងស្ថានភាពរស់នៅរបស់ខ្ញុំ»។ការដែលគណៈកម្មការសម្រេចឲ្យលោក ជាប់មិនមែនដោយសារមានមនោសញ្ចេតនានោះទេពោលគឺដោយសារតែអត្ថបទដែលលោកសរសេរ មានបង្កប់នូវអត្ថន័យលើកទឹកចិត្ត។
លោក បានបន្តថា៖ «ថ្វីដ្បិតតែនិស្សិតខ្មែរមិនពូកែភាសាអស់គ្លេស ដូចជាតិសាសន៍ដទៃ ប៉ុន្តែឲ្យតែយើងមានឆន្ទៈនោះអ្វីៗនឹងអាចធ្វើបាន ហើយ មនុស្សដែលមិនមានក្តីស្រមៃប្រៀបបាននឹងមនុស្សពិការភ្នែក»។
ជាចុងបញ្ចប់ លោកបន្ថែម៖ «បើមិនទាន់ដល់ដង្ហើមចុងក្រោយកុំទាន់អស់សង្ឃឹមឲ្យសោះទោះក្នុងកាលៈទេសៈណាក៏ដោយ»។
សូមបញ្ជាក់ផងដែរថា យុវជន ថុល តូម៉ាក៏ធ្លាប់បានទៅចូលរួមកម្មវិធីផ្លាស់ប្តូរបទពិសោធនៅប្រទេសវៀតណាមនិងប្រទេសថៃ ព្រមទាំងពានរង្វាន់លេខបី ក្នុងការប្រកួតសំណេរពីប្រទេសជប៉ុនCambodian Students Association in Japan Essay Contest 2012 ពានរង្វាន់បុរសល្អ ពីក្រសួងកិច្ចការនារីឆ្នាំ២០១១ និងដំណើរទស្សនកិច្ចបួនថ្ងៃទៅប្រទេសបារាំង នៅក្នុងកម្មវិធី Student Forum ផងដែរ៕