សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ភ្នំពេញ ៖ ក្រោយការផ្សព្វផ្សាយនូវព័ត៌មាន ដែលបញ្ជាក់ពីការយល់ព្រមជួយសាងសង់ស្ពានឆ្លងទន្លេ តភ្ជាប់ពីត្រើយខាងកើតនៃខេត្តកណ្តាល មកកាន់រាជធានីភ្នំពេញ បានជំរុញឱ្យតម្លៃដីនៅតំបន់ស្វាយជ្រុំ ជាពិសេសនៅអរិយក្សត្រមានការកើនឡើងគួរឱ្យកត់សម្គាល់។ នេះបើតាមការលើកឡើងរបស់លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) និងជាប្រធានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Kw Sam Sn Co,.Ltd ។
បច្ចុប្បន្ន តម្លៃដីទាំងនៅតំបន់ស្វាយជ្រុំ ទាំងនៅតំបន់អរិយក្សត្រ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ ខណៈដែលសកម្មភាពនៃការទិញលក់ចាប់ផ្តើមកម្រើកឡើងវិញ។
ប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន បានអះអាងប្រាប់ភ្នាក់ងារ Krama Post ថា បច្ច្ចុប្បន្ននេះមានអ្នករកស៊ីនៅក្នុងផ្នែកដីធ្លីចាប់ផ្តើមចុះធ្វើសកម្មភាពវិញ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈធំដោយសារតែបញ្ហាកូវីដ១៩កាលពីពេលកន្លងទៅ។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “ឥឡូវឃើញមានអ្នករកស៊ីផ្នែកដីធ្លីចុះរកទិញដីវិញហើយ ហើយតម្លៃពេលនេះក៏ឡើងថ្លៃជាងមុនបន្តិច ជាពិសេសក្រោយពេលមានដំណឹងថា ខាងកូរ៉េ ទទួលយកសំណើរពីរដ្ឋាភិបាលក្នុងការសាងសង់ស្ពានឆ្លងទន្លេមកកាន់រាជធានីភ្នំពេញ”។
លោក សំ សុខនឿន បានអះអាងថា “តម្លៃដីពេលនេះគឺឡើងថ្លៃជាងមុនបន្តិច ហើយមានការបែងចែកជា៣ប្រភេទ រួមមានប្រភេទដីពាណិជ្ជកម្ម ប្រភេទដីលំនៅឋាន និងប្រភេទដីចំការ។ សម្រាប់ប្រភេទដីពាណិជ្ជកម្ម ត្រូវបានគេលក់ក្នុងចន្លោះពី ៥០០-៧៥០ ដុល្លារក្នុងម៉ែត្រការ៉េ ជាពិសេសដីដែលស្ថិតក្បែរគម្រោងខុនដូ ដែលកំពុងសាងសង់។ សម្រាប់ប្រភេទដីលំនៅឋាន ត្រូវបានគេដាក់លក់ក្នុងចន្លោះចាប់ពី ៣៥០-៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយឡែកសម្រាប់ប្រភេទចំការត្រូវបានគេលក់នៅក្នុងចន្លោះពី ៨០-១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។
បើទោះជាតម្លៃដីពេលនេះមានការកើនឡើងដូចការបញ្ជាក់ខាងលើនេះ លោក សំ សុខនឿន បានអះអាងបន្ថែមថា ប្រសិនបើគម្រោងសាងសង់ស្ពានត្រូវបានលេចចេញជារូបរាងប្រាកដមែន តម្លៃដីនៅតំបន់នេះនឹងបន្តកើនឡើងបន្ថែមទៀត អាចឡើងរហូតដល់មួយគុណនឹងពីរដងនៃតម្លៃនៅពេលបច្ចុប្បន្ននេះ៕