រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩ ដែលមានទឹកប្រាក់ ២៥ ប៊ីលានយ៉េន ប្រមាណ២៣៤,៦ លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារសហប្រតិបត្តិការជប៉ុនប្រចាំកម្ពុជា (JICA) ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក Yuichi Sugano ប្រធានស្តីទីនៃទីភ្នាក់ងារ សហប្រតិបត្តិការជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
រាជរដ្ឋាភិបាលជប៉ុន បានកំពុងផ្តល់ឥណទានសម្បទាន សម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ស្ថេរភាពសេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ផ្សេងៗរបស់របស់រដ្ឋាភិបាលកម្ពុជា រួមមាន ការពង្រឹងប្រព័ន្ធសុខាភិបាល កម្មវិធីជំនួយសង្គម បណ្តាញភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលបានរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩។
ក្នុងនាមជាដៃគូរអភិវឌ្ឍន៍ JICA តែងតែប្រកាន់ភ្ជាប់នូវអភិក្រមរួម ដើម្បីគំាទ្ររដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងបន្តរួមដៃជាមួយប្រទេសកម្ពុជាប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩។ ក្នុងបរិបទនេះ JICA បាននិងកំពុងជួយគាំទ្រកែលម្អអគារមន្ទីរពេទ្យ និងបំពាក់បរិក្ខារពេទ្យថ្មីនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ផ្តល់សម្ភារអនាម័យ ដល់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បំពាក់ម៉ាស៉ីនទែម៉ូម៉ែត្រវាស់កម្តៅ និងផ្តល់សម្ភារមួយចំនួនដល់រថយន្តក្រុងក្នុងរាជធានីភ្នំពេញដើម្បីបង្ការការឆ្លងជំងឺ។
ទន្ទឹមនឹងនេះ JICA បានកំពុងអនុវត្តន៍គម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពមន្ត្រីដែលកំពុងបម្រើការក្នុងវិស័យសុខាភិបាល តាមរយៈការបញ្ជូនជំនាញការមកប្រទេសកម្ពុជា និងរៀបចំការបណ្តុះបណ្តាលដល់មន្ត្រី៕