សម្តេចតេជោ ជឿជាក់ថា អាណត្តិថ្មីរបស់គណបក្ស NLD មីយ៉ាន់ម៉ា នឹងបន្តលើកកម្ពស់គុណតម្លៃលទ្ធិប្រជាធិបតេយ្យ

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី១៧ វិច្ឆិកា ២០២០ បានផ្ញើសារអបអរសាទរលោកស្រី អោង សានស៊ូជី ចំពោះជ័យជម្នះជាថ្មី ក្នុងការបោះឆ្នោតនៅមីយ៉ាន់ម៉ា។

ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា  បានលើកឡើងថា៖ តាងនាមឱ្យរាជរដ្ឋាភិបាលនិងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះលោកជំទាវ ដែលបានដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីសាជាថ្មីក្នុងការបោះឆ្នោតសកល នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមកនេះ។ លទ្ធផលនៃការបោះឆ្នោតនេះបានបង្ហាញនូវ ទំនុកចិត្ត និងការគាំទ្រយ៉ាងលើសលប់ចំពោះការដឹកនាំរបស់លោកស្រី អោង សានស៊ូជី និងគោលនយោបាយដ៏ ត្រឹមត្រូវរបស់គណបក្ស NLD»។

ជាមួយគ្នានេះដែរ ខ្លឹមសារលិខិតបានគូសបញ្ជាក់ថា៖ ក្រោមការដឹកនាំដ៏រឹងមាំរបស់លោកជំទាវមីយ៉ាន់ម៉ាសម្រេចបាននូវសមិទ្ធិផលគួរឱ្យកត់ សម្គាល់ក្នុងការអភិវឌ្ឍជាតិ។ ខ្ញុំមានជំនឿជឿជាក់ថា ជាមួយអាណត្តិថ្មីរបស់គណបក្ស NLD មីយ៉ាន់ម៉ានឹងបន្តលើកកម្ពស់គុណតម្លៃលទ្ធិប្រជាធិបតេយ្យដែលនឹងត្រួសត្រាយផ្លូវសម្រាប់សន្តិភាព ប្រកបដោយបរិយាប័ន្ន និងរឹងមាំ ស្ថិរភាពនិងវិបុលភាពនៅក្នុងប្រទេស

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្តថា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកស្រី អោង សានស៊ូជី ដើម្បីលើកកម្ពស់ទំនាក់ទំនងដ៏ល្អដែលមានស្រាប់និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជានិងមីយ៉ាន់ម៉ាឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនយើងទាំងពីរនិងសហគមន៍អាស៊ានទាំងមូល៕