អាហារតាមដងផ្លូវនៅតែ ពេញនិយមចំពោះអ្នកទីក្រុង ទោះបីមានមិតិខ្លះថាប៉ះពាល់ដល់សុខភាព

ចាប់ពីម៉ោង ៥ ល្ងាច ទៅគេសង្កេតឃើញថា មានហាងតូចៗនៅតាមចិញ្ចើមផ្លូវជាច្រើននៅក្នុងរាជធានីភ្នំពេញដែលមានលក់នូវចំណីអាហារពេលពេលល្ងាច ដូចជា បាយឆា មីឆា ស្លាបមាន់អាំង ភ្លៅមាន់បំពង ពងមាន់អាំងប្រហិតអាំង ឬ ប្រហិតភ្នំភ្លើង ជាដើម ចាប់ផ្តើមមានអតិថិជនចេញចូលមិនសល់កៅអីឡើយ។

លាយឡំដោយសម្លេងអតិថិជនដែលកុម្មង់ចំណីអាហារ និង ខ្លះទៀត កំពុងអង្គុយរង់ចំាំ លោក ពិសិដ្ឋ ជាអតិថិជន ដែលបានមកបរិភោគអាហារនៅហាងតូចមួយដែលស្ថិតនៅតាមបណ្តោយផ្លូវ ២៦៥ ជិតផ្សារសំណង់ ១២ បានឲ្យដឹងថាជាទូទៅ លោក ចូលចិត្តមកបរិភោគអាហារតាមផ្លូវនេះ បន្ទាប់ពីចេញពីកន្លែងធ្វើការ ។

ពិសិដ្ឋ ជាបុគ្គលិកផ្នែកទីផ្សារនៅក្រុមហ៊ុនមួយបានមកបរិភោគអាហារជាមួយមិត្តភក្កិបីនាក់ផ្សេងទៀត បានបន្តថា លោកបរិភោគអាហារតាមផ្លូវនេះ ដោយសារតែវាមានតម្លៃសមរម្យ និង ងាយស្រួល ដោយសារតែលោក មិនចាំបាច់ចម្អិនម្ហូបអាហារដោយខ្លួនឯង។

យ៉ាងណាមិញ និន្នាការ អាជីវកម្មលក់និង បរិភោគអាហារតាមផ្លូវនេះ មិនត្រឹមតែកើនឡើងនៅរាជធានីភ្នំពេញប៉ុណ្ណោះទេពោលគឺសូម្បីតែតាមទីប្រជុំជន នៅក្នុងបណ្ដាខេត្តមួយចំនួនក៏មានការកើនឡើងផងដែរ។

ជាក់ស្តែង កញ្ញា ស្រីពៅដែលជានិស្សិតនៃសាកលវិទ្យាល័យមួយនៅខេត្តព្រះសីហនុ បានបញ្ជាក់ថា កញ្ញាចូលចិត្តបរិភោគអាហារតាមដងផ្លូវដោយសារតែ តម្លៃវាអាចទទួលយកបាន។

កញ្ញា បានបញ្ជាក់បន្ថែមទៀតថា សម្រាប់កញ្ញាជានិស្សិតមិនទាន់មានលទ្ធភាពចូលហាងថ្លៃ ឬ ភោជនីយដ្ឋាននោះទេដូច្នេះអាហារតាមផ្លូវជាជម្រើសមួយដ៏ល្អបំផុត នៅពេលដែលកញ្ញា ចង់ជួបជុំ ឬនិយាយគ្នាលេងជាមួយនឹងមិត្តភក្កិ។​

តើអ្នកយល់ថា ការបរិភោគអាហារតាមផ្លូវដែលរួមមានសាច់មាន់ ប្រហិត ឬ អាហារផ្សេងទៀត ដែលមានតម្លៃពុំសូវជាថ្លៃនោះ អាចមានផលប៉ះពាល់ចំពោះសុខភាពអ្នកដែរឬទេ?

សម្រាប់ លោក ពិសិដ្ឋ​ ដែលភាគច្រើន បរិភោគអាហារតាមផ្លូវនោះបានអះអាងថា៖« ឥលូវនេះ អាហារណាក៏ដោយ ក៏វាប៉ះពាល់ដល់សុខភាពគ្រាន់តែវាប៉ះពាល់តិចឬច្រើនប៉ុណ្ណោះ។ អីដែលសំខាន់ អាហារតាមផ្លូវ ក៏មិនប្រាកថាអាក្រក់ទាំងអស់នោះដែរ ពេលខ្លះ វាក៏អស់ថ្លៃច្រើនជាងក្នុងហាងទៀត ក៏មាន»។

ដោយឡែក សម្រាប់ កញ្ញា ស្រីពៅវិញ បានសង្កត់ធ្ងន់ថា កញ្ញាធ្លាប់បានមើលព័ត៌មានខ្លះដែរ ដែល ពាក់ព័ន្ធនឹងផលប៉ះពាល់នៃការបរិភោគអាហារដែលពុំមានអនាម័យនិង សាច់សត្វខ្លះដែលខូចគុណភាព។​

កញ្ញា បានទទួលស្គាល់ថា ពេលខ្លះនៅពេលដែលកញ្ញាបរិភោគប្រហិតចៀន កញ្ញា ឃើញថា ប្រេងដែលអ្នកលក់យកមកចៀននោះគឺជាប្រេងដែលបានប្រើប្រាស់ច្រើនដងរួចមកហើយ ហើយ ពិតប្រាកដណាស់ការបរិភោគប្រេងដូច្នេះ អាចនឹងធ្វើឲ្យមានជម្ងឺមហារីក ឬ ជម្ងឺផ្សេងៗជាច្រើនទៀត។

ឆ្លើយតបនឹងការរិះគន់ពីមតិសាធារណៈមួយចំនួនអំពីបញ្ហាអនាម័យរបស់អាហារតាមផ្លូវនោះ អ្នកស្រី គន្ធី នៅជិតផ្សារទួលគោក បានឲ្យដឹងថា៖«ខ្ញុំគិតថា អាហារតាមផ្លូវ និង តាមហាងធំៗ វាមិនខុសគ្នាប៉ុន្មាននោះទេគ្រាន់តែមនុស្សភាគច្រើនយល់ថា អាហារតាមផ្លូវថោកជាង ចឹងគេយល់ថាវាអត់ល្អ។ តាមពិតអាហារកន្លែងណាក៏ដោយ ឲ្យតែយើងអ្នកជាលក់ ចេះគ្រប់គ្រងនោះ វាក៏ទៅតាមហ្នឹងដែរ»។

អ្នកស្រី បន្តថា សម្រាប់អ្នកស្រី បានគិតគូរច្រើនពីបញ្ហាសុខភាពរបស់អតិថិជន។ ជាក់ស្តែង អ្នកស្រី ថា អ្នកស្រីតែងតែជ្រើសរើសសាច់ឬក៏បន្លែ ដែលមានគុណភាព ដើម្បីយកមកធ្វើជាអាហារសម្រាប់លក់។

ជាចុងក្រោយ អ្នកស្រី បានធ្វើការសំណូមពរចំពោះអ្នក់លក់អាហារតាមផ្លូវដទៃទៀតឲ្យធ្វើការយកចិត្តទុកដាក់ទៅលើការចំអិនអាហារឲ្យបានកាន់តែច្រើនដើម្បីធានាបាននូវអាហារដែលប្រកបដោយ ផាសុកភាព និង គុណភាពសម្រាប់អតិថិជន។

គួរជម្រាបជូនថាកាលពីចុងខែ តុលា ឆ្នាំ ២០១៥ កន្លងទៅនេះ សម្តេច ហ៊ុ​ន សែននាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជាបានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ឲ្យអ្នកលក់ចំណីយកចិត្តទុកបន្ថែមចំពោះអនាម័យ និង គុណភាព ចំណីអាហារ ដើម្បីធានាបាននូវសុខភាពចំពោះអ្នកបរិភោគ៕

ចុះតើមិត្តអ្នកអានបានដឹងអ្វីខ្លះពីគុណវិបត្តិនៃការបរិភោគអាហារដែលពុំមានអនាម័យ???