តិច​និក​សន្សំ​៤​ជំហាន សម្រាប់​ផែន​ការ​​ចូល​និវត្តន៍

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ការ​ត្រៀម​ខ្លួន​ជា​មុន​បាន​ល្អ​ក្នុង​ផែន​ការ​ហិរញ្ញវត្ថុ​ជា​រឿង​ល្អ​មួយ ជា​មួយ​គ្នា​នេះផែន​ការ​សន្សំ​​សម្រាប់​ពេល​​ខាង​មុខតួ​យ៉ាង ប្រភព​ថវិកា​សម្រាប់​​ចាយពេល​​ចម្រើន​ដល់​វ័យ​ចំណាស់ជា​រឿង​មួយ ​ត្រូវ​​បង្ការ​ទុក​ជា​មុន​ផង​ដែរ​។ តាម​រយៈ​ដំបូន្មាន​អ្នក​​​មាន​បទ​ពិសោធ​សន្សំ​​មុន​ៗ នៅ​លើ​វិបសាយ Life Hack ​បាន​ចែក​រំលែក​ជា​តិច​និក​សន្សំ​​ខ្លះ​ៗ​ សម្រាប់​ចាយ​វាយ​ពេល​វ័យ​ចាស់ដូច​ខាង​ក្រោម​៖

.ផ្តើម​សន្សំតាំង​ពី​ប្រភព​ចំណូល​នៅ​ទាប

បទ​ពិសោធ​ទី​មួយ​នោះ គឺ​ការ​ចាប់​ផ្តើម​សន្សំ​​បណ្តើរ​ៗតាំង​ពី​ប្រភព​ថវិកា​​​ចំណូល​​នៅ​តិច​តួច​ ដែល​នេះ​​គឺ​ជា​ការ​ដាក់​វិន័យ​ក្នុង​ការ​សន្សំ។ កុំ​រង់​ចាំដល់​ពេល​អ្នក​មាន​ចំណូល​​ច្រើន​ ទើប​ផ្តើម​សន្សំព្រោះ​ថា​ពេល​វេលា​​រង់​ចាំរហូត​ចំណូល​​ខ្ពស់ មិន​ច្បាស់​លាស់​អាច​បង្ក​ឱ្យ​ខក​ខាន​ឱកាស​វិញ​ក៏​ថា​បាន​។

គេ​អាច​ប្រើ​វិធាន​ការ​​សន្សំ​សំចៃ​ពិត​ប្រាកដ ​ដើម្បី​អនុវត្ត​​ឈាន​ទៅ​រក​គោល​ដៅ​ខាង​លើ​ដោយ​ប្រើ​វិធី​​សរសេរ​ចេញ​ជា​បញ្ជី"តម្រូវ​​ការ"និង​បញ្ជី"ចង់​បាន"។ ជា​ឧទាហរណ៍​​មួយគឺ​សេវា​បង់​ថ្លៃ​អ៊ីនធើណេតឬ​ វីដេអូ​​ភាព​យន្ត​កម្សាន្ត Netflix ស្ថិត​នៅ​ក្នុង​បញ្ជី ​"ចង់​បាន" ចំណែក​ឯ​កុំ​ព្យូរទ័រ​​ សម្រាប់​​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​១​គ្រឿងស្ថិត​ក្នុង​បញ្ជី "តម្រូវ​ការ​"។ ធ្វើ​ដូច​នេះ​យើង​អាចសន្សំ​សំចៃ​លើ​ថវិកា ដែល​ត្រូវ​ប្រើ​ចំ​ទិស​ដៅ​និង​​អាទិភាព​​សំខាន់​បាន​​។

.សន្សំ​​លុយ​រាល់​ខែ

ត្រង់​ចំណុច​នេះក្រោយ​ពី​ធ្វើ​បញ្ជី​សម្រាប់​ចំណាយ​​លើ​តម្រូវ​ការ​ចាំ​បាច់​រួច យើង​អាច​ស្មាន​ពី​ចំនួន​ទឹក​ប្រាក់ដែល​អាច​រំលែក​​សន្សំ​ខ្លះ​សម្រាប់​ចូល​និវត្ត​ អាស្រ័យ​ទៅ​លើ​អាយុ​របស់​យើង​។ ប៉ុន្តែ​វិធី​ក៏​គួរ​គប្បី​​មាន​វិន័យ​ជាប់​ជា​មួយ​ផង​ដែរ ឧទាហរណ៍​គឺ​ការ​រំលែក​១០​% នៃ​ប្រាក់​ចំណូល​ប្រចាំ​ខែ ឬ​ប្រចាំ​សប្តាហ៍​​សម្រាប់​​​ជា​ប្រាក់​ចូល​និវត្ត​ហើយ​យើង ​ក៏​អាច​ពិនិត្យ​ដំណើរ​ការ​​របស់​វា។ វិធី​នេះ​គឺ​បាន​ផ្តោត​ទៅ​លើ​វិន័យ​នៃ​ការ​សន្សំពោល ​គឺ​មិន​សម្តៅ​ទៅ​លើ​​ផែន​ការ​សន្សំ​ទឹក​ប្រាក់​ឱ្យ​បាន​ច្រើន​​នោះ​ទេ តែ​គួរ​ប្រាកដ​ថា​ការ​សន្សំ​របស់​អ្នកដើរ​ក្នុង​វិន័យ​ជា​និច្ច​ជា​កាល​។

.វគ្គ​បង្កើន​ការ​សន្សំ

ក្រោយ​ពេល​ពិនិត្យ​មើល​វិន័យ​សន្សំ​របស់​យើង​ក្លាយ​ជា​ទម្លាប់​ល្អ​មួយ​ហើយ ដូច​នេះ​យើង​ក៏​អាច​ពិចារណា​រក​មើល​ការ​បន្ថែម​​ទឹក​ប្រាក់​​លើ​ប្រភព​សន្សំ​ផង​ដែ​រ តាម​រយៈចំណូល​បន្ថែម​ដោយ​មិន​ចាំ​បាច់​ពឹង​ផ្អែក​តែ​លើ​ប្រាក់​ខែ។ ចំណូល​បន្ថែម​នោះអ្នក​អាច​អភិវឌ្ឍ​វា​​បាន ដោយ​ការ​ចាប់​ផ្តើម​ជា​ជំនួញ​តូច​តាច​ណា​មួយ​សម្រាប់​ជា​ប្រភព​ចំណូល​ថែមដូច​ជា​ការ​លក់​អីវ៉ាន់​អន​ឡាញ ឬ​ជា​ការងារ​ក្រៅ​ម៉ោង ឬ​Freelance ដែល​អ្នក​អាច​ធ្វើ​​ពេល​ទំនេរ សម្រាប់​បម្លែង​ជា​ប្រភព​ចំណូល​បន្ថែម​​ក៏​បាន​។

.ឈាន​ដល់​សេរីភាព​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ទំនុក​ចិត្ត

សេរីភាព​ហិរញ្ញវត្ថុ​សម្តៅ​លើ​ ប្រភព​ថវិកា​របស់​អ្នកនៅ​ពេល​មួយ​​ដែល​អ្នក​គិត​ថា​​រឿង​ថវិកា​វា​លែង​ជា​ក្តី​បារម្ភ​ចំពោះ​អ្នក​ទៀត​ហើយរាប់​តាំង​ពី​ចំណូល​គ្រប់​គ្រាន់​ និង​គ្មាន​បំណុល​ជាប់​ជំពាក់​ផ្សេង​ៗ ដែល​មាន​ន័យ​ថាយើង​មាន​ហិរញ្ញវត្ថុ​រឹង​មាំ​មាន​គ្រប់​គ្រាន់ ទុក​ចិត្ត​បាននិង​លែង​ខ្វល់​បារម្ភ​​​បញ្ហា​ផ្សេង​ៗ​ទាក់​ទង​នឹង​លុយ​។ ហើយ​សេរីភាព​ហិរញ្ញវត្ថុគឺ​កើត​ឡើង​​ដោយ​សារតែ​ទម្លាប់​សន្សំ​​ប្រកាន់​ភ្ជាប់​វិន័យ​ល្អ និង​ផែន​ការ​ច្បាស់​លាស់​របស់​អ្នក ហើយ​អ្នក​អាច​ជួប​សេរីភាព​ហិរញ្ញវត្ថុ​នេះនៅ​មុន​​ផែន​ការ​កំណត់​ចូល​និវត្ត​របស់​អ្នក​ទៀត​​ក៏​ថា​បាន​៕