ធនាគារ SME ចាប់ផ្តើមបើកដំណើរការសាកល្បងជាមួយទំហំទឹកប្រាក់ ១០០លានដុល្លារ

ភ្នំពេញ ៖  ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ដែលផ្តើមពីទំហំទឹកប្រាក់ចំនួន ១០០លានដុល្លារ បានបើកដំណើរការអាជីវកម្មសាកល្បងហើយ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដើម្បីផ្តល់ហិរញ្ញប្បទាន និងសេវាកម្មធនាគារប្រកបដោយប្រសិទ្ធភាព ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម, ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រីកទំហំនាំចេញ។ 

ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) មានតួនាទីអនុវត្តស្របតាមគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥–២០២៥ ដោយផ្តល់នូវហិរញ្ញប្បទានក្នុងតម្លៃសមរម្យ និងផ្តល់ភាពងាយស្រួល ដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបាននូវហិរញ្ញប្បទាន ដោយក្នុងនោះផ្តោតសំខាន់លើវិស័យអាទិភាពចំនួន ៥ ដូចជា៖ ការផលិត និងកែច្នៃម្ហូបអាហារ, កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុក កែច្នៃកាកសំណល់ និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍, កម្មន្តសាលដែលផលិតនូវផលិតផលសម្រេច ឬផ្នែក ឬគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃទៀត, ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន រួមទាំងការផ្គត់ផ្គង់សេវាគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានលក្ខណៈនវានុវត្តន៍ និងសហគ្រាសដែលស្ថិតក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម ។

ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានកំពុងផ្តល់ជូននូវផលិតផលឥណទាន ទៅសហគ្រាសធុនតូច និងមធ្យម ក្រោមគម្រោងសហហិរញ្ញប្បទាន (SCFS) និងគម្រោងហិរញ្ញប្បទាននៃសហគ្រាសធុនតូច និងមធ្យមកម្ពុជា (CSS) ព្រមទាំងគ្រោងពង្រីកការផ្តល់ជូនហិរញ្ញប្បទានក្រោមគម្រោងផ្សេងៗទៀតដូចជា គម្រោងហិរញ្ញប្បទានសម្រាប់សហគ្រិនស្ត្រីកម្ពុជា និងគម្រោងហិរញ្ញប្បទានសម្រាប់វិស័យឌីជីថល និងទំនើបកម្ម សម្រាប់សហគ្រាសធុនតូច និងមធ្យម នាពេលឆាប់ៗខាងមុខនេះ៕