សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ភ្នំពេញ ៖ ជាមួយនឹងការចូលរួម និងគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា បច្ចុប្បន្ននេះមានសហគ្រាសធុនតូច និងមធ្យម ប្រមាណ៥៣ម៉ឺនទីតាំង ដែលធ្វើប្រតិបត្តិការលើសង្វាក់ផលិតកម្មនានា និងកំពុងតែជួបប្រទះផលលំបាកលើបញ្ហាបច្ចេកទេស ទីផ្សារ ដែលត្រូវបានគាំទ្រយ៉ាងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលក្រោមគម្រោងមូលនិធិរបស់សម្ដេចតេជោ ហ៊ុន សែន ។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោកឧកញ៉ា តែ តាំងប៉ បានមានប្រសាសន៍នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ថា បច្ចុប្បន្ននេះ សហគ្រាសធុនតូច និងមធ្យម ដែលកពុងប្រតិបត្តិការអាជីវកម្ម ចំនួន៥៣ម៉ឺនសហគ្រាស។
លោកឧកញ៉ាបន្តថា“សេដ្ឋកិច្ចកម្ពុជាសព្វថ្ងៃបានពឹងផ្អែកយ៉ាងខ្លាំងលើពួកគេ ប៉ុន្តែសហគ្រាសធុនតូច និងមធ្យម កំពុងជួបប្រទះបញ្ហាលំបាកជាច្រើន ដូចជាបញ្ហាបច្ចេកទេស បញ្ហាហិរញ្ញវត្ថុ បញ្ហាទីផ្សារ ក៏ដូចជាបញ្ហាសហគ្តិនភាព ដែលជាចំណុះខ្សោយរបស់ពួកគេ”។
លោកឧកញ៉ាបានមានប្រសាសន៍បន្តទៀតថា រយៈពេលកន្លងមកនេះ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបង្កើតកម្មវិធីជាច្រើនជាមួយដៃគូសហការ ក៏ដូចជាក្រសួងពាក់ព័ន្ធនានា ដើម្បីជំរុញវិស័យសហគ្រាសធុនតូច និងមធ្យម ក៏ប៉ុន្តែនៅតែមានចំណុចជាច្រើនទៀត យើងត្រូវការដៃគូសហការ ក៏ដូចជារកដំណោះស្រាយបន្ថែមទៀត។ អ្វីដែលជាចំណុចសំខាន់ដែលសហគ្រាសធុនតូច និងមធ្យម ត្រូវការបំផុតនោះ គឺការគាំទ្រហិរញ្ញវត្ថុ សង្វាក់ផលិតកម្មរបស់ពួកគេ ប៉ុន្តែពួកគាត់ក៏ត្រូវការចំណេះដឹងផ្នែកហិរញ្ញវត្ថុផងដែរ ដើម្បីឱ្យប្រភពហិរញ្ញវត្ថុដែលត្រូវទទួលបាននោះប្រាកដថាត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។
ជាការជួយគាំទ្រ និងសម្រួលដល់ដំណើរការផលិតកម្មរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាដែលកំពុងជួបផលលំបាក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្តល់នូវមូលនិធិដើម្បីធ្វើយាងណាអាចជួយសម្រួល និងបង្កើនលទ្ធភាពនៅក្នុងកិច្ចដំណើរការអាជីវកម្មតាមរយៈធនាគារ SME ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាដំណើរការប្រព្រឹត្តទៅនៃមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា កាលពីនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០កន្លងទៅថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីពិតជាផ្ដល់សារៈសំខាន់ខ្លាំងណាស់ ដល់ការងារបង្កើតមូលនិធិដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនេះ ដោយសារជាបទពិសោធនៅប្រទេសមាន ការអភិវឌ្ឍ តែងបានគិតគូអំពីបញ្ហានេះ បន្ទាប់ពីមានការចាត់ទុកថាសហគ្រាសធុនតូច និងមធ្យមជាឆ្អឹងខ្នងដើម្បីពង្រឹង និងពង្រីកសេដ្ឋកិច្ច។
សម្ដេចបានបន្ថែមថា សហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងដ៏សំខាន់ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ ហើយកន្លងមកសម្តេចក៏ធ្លាប់បានអញ្ជើញទៅទស្សនកិច្ចផ្លូវការនៅប្រទេសនានាផងដែរ ដែលបានផ្ដល់ជាបទពិសោធន៍ និងឱកាសស្វែងយល់ច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនេះ៕