សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ភ្នំពេញ៖ សម្រាប់ប្រព័ន្ធដំណើរការធនាគារ នៅកម្ពុជាត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ស្របតាមនិម្មាបនកម្មហិរញ្ញវត្ថុអន្តរជាតិ និងបានរួមចំណែកជាឆ្អឹងខ្នងក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, គាំទ្រកំណើនសេដ្ឋកិច្ច, លើកកម្ពស់បរិយាបន្នសេដ្ឋកិច្ចនិងសង្គម និងកាត់បន្ថយភាពក្រីក្រ។
តាមរយៈសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជាកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ប្រព័ន្ធធនាគារក៏បានប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ក្នុងប្រតិបត្តិការ ជាពិសេសសម្រាប់ការទូទាត់ ដែលបាន លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុកម្ពុជាជាលំដាប់។ ជាក់ស្តែង ប្រជាជនពេញវ័យដែលទទួលបានសេវា ហិរញ្ញវត្ថុផ្លូវការកើនឡើងដល់ប្រមាណជាង ៧០% ធៀបនឹងពីរទសវត្សរ៍មុន (តិចជាងប្រមាណ ១០% ប៉ុណ្ណោះ)។
ជាមួយគ្នានេះដែរ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ អត្រាអតិផរណាត្រូវបានគ្រប់គ្រងឱ្យមានកម្រិតទាបប្រមាណ ២,៥% ជាមួយនឹងស្ថិរភាពល្អប្រសើរនៃអត្រាប្តូរប្រាក់ក្នុងរង្វង់ ៤.០៥០ រៀលក្នុងមួយដុល្លារអាមេរិក ស្របពេលដែលទុនបម្រុងអន្តរជាតិដុលត្រូវបានគរពូនឱ្យមានកម្រិតខ្ពស់ជាលំដាប់រហូតដល់ ២០ ប៊ីលាន ដុល្លារអាមេរិក ស្មើនឹងប្រមាណ ១០ខែ នៃការនាំចូលទំនិញនិងសេវា ដែលខ្ពស់ជាង ៣ដង នៃកម្រិត អប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន (៣ខែ)។
ទ្រព្យសកម្មវិស័យធនាគារបានកើនឡើងយ៉ាង ឆាប់រហ័សពីប្រមាណត្រឹមតែ ០,៥ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩៨ ដល់ ៥៦ ប៊ីលានដុល្លារអាមេរិក នាពេលបច្ចុប្បន្ន គឺកើនឡើងប្រមាណ ១១២ដង។ ឥណទានប្រព័ន្ធធនាគារដែលត្រូវបានបែងចែកទៅ កាន់គ្រប់វិស័យនៃសេដ្ឋកិច្ច និងប្រាក់បញ្ញើក្នុងស្រុកបានកើនឡើង ១៦៥ដង ប្រហាក់ប្រហែលគ្នា គឺ ពីចំនួនប្រមាណតែ ០,២ ប៊ីលានដុល្លារអាមេរិក ដល់ជាង ៣៣ ប៊ីលានដុល្លារអាមេរិក។
ក្នុងរយៈពេល ៤១ ឆ្នាំនេះ សមិទ្ធផលដែលសម្រេចបាន កើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមរបស់រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ក្រោមម្លប់សន្តិភាព ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្ថាបនាឡើង និងថែរក្សារហូតមកដល់បច្ចុប្បន្ន៕