សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ តែងតែមានរឿងស្មានមិនដល់ជាច្រើនដែលធ្វើឱ្យយើងឈឺចាប់ស្មុគស្មាញ ឬរីករាយខ្លាំងជ្រុលទៅតាមដំណាក់កាលនីមួយៗនៃព្រឹត្តិការណ៍ដែលបានកើតឡើងឥតព្រាងទុក។
ព្រះតេជគុណ សាន សុជា អ្នកអប់រំតាមបែបព្រះពុទ្ធសាសនាបានលើកឡើងថាជីវិតមនុស្សម្នាក់ៗតែងតែរស់នៅក្នុងសភាពប្រែប្រួលឥតឈប់ឈរដោយក្នុងនោះមានរួមបញ្ចូលគ្នារវាងសុខ និងទុក្ខ។ នៅពេលមនុស្សមានសេចក្តីសុខភាគច្រើនយើងមិនសូវបានកត់ចំណាំច្រើនពេកនោះទេ ហើយបណ្តោយខ្លួនឯងឱ្យរំភើបត្រេកអរជាមួយនឹងស្ថានភាពអារម្មណ៍នោះមុននឹងស្ថានភាពផ្លូវចិត្តនោះរលត់បាត់ទៅ។
តែផ្ទុយមកវិញ ប្រសិនបើយើងជួបរឿងខកចិត្ត ឬការបាត់បង់វិញវាហាក់ដូចជាវាយប្រហារខ្លាំងមកលើមនុស្សច្រើនជាងអារម្មណ៍រីករាយ ព្រោះនៅពេលបាត់បង់អ្វីមួយ មនុស្សតែងតែសំឡឹងមើលទៅលើជ្រុងដែលបាត់បង់នោះខ្លាំងជាងផ្នែកដែលយើងមាន។
ព្រះតេជគុណ សាន សុជា មានសង្ឃដីកាថា៖«មនុស្សយើងមានទ្រព្យសម្បត្តិច្រើនណាស់ដែលយើងមិនចាប់អារម្មណ៍។ ការដែលមានជីវិតមានអាវៈយវៈគ្រប់គ្រាន់ និងមានអ្វីៗជុំវិញខ្លួននេះគឺជាទ្រព្យសម្បត្តិដ៏មហាសាលតែមនុស្សភាគច្រើនបែរជាយល់ច្រឡំថា ទ្រព្យសម្បត្តិជាលុយកាក់ ទើបជាទ្រព្យមានតម្លៃហើយបែរជាសម្លាប់ខ្លួនពេលបាត់បង់លុយកាក់ទៅវិញ»។
ព្រះតេជគុណបានបន្ថែមទៀតថាការដែលយើងបាក់ទឹកចិត្តខ្លាំងនៅពេលដែលមានវិបត្តិ គឺភាគច្រើនដោយសារតែយើងផ្តោតខ្លាំងពេកទៅលើចំនុចដែលយើងបាត់បង់។ នៅពេលបាត់បង់អ្វីមួយ ឬឈឺចាប់ដោយសាររឿងអ្វីមួយយើងចម្លងសាច់រឿងនោះដដែលៗដាក់ក្នុងចិត្តរហូតធ្វើឱ្យរបួសស្នាមធំឡើងៗឥតឈប់ឈរ។ ទីបំផុត ទោះបីជាការបាត់បង់នោះតិចតួចជាងអ្វីដែលយើងមានក៏ដោយ ក៏យើងមិនចាប់អារម្មណ៍ហើយក៏សម្រេចចិត្តរស់នៅក្នុងទុក្ខសោកខ្លាំងទៅវិញ។
អ្នកអប់រំខាងលើបានលើកឡើងថា ប្រសិនបើយើងបាត់បង់អ្វីម្យ៉ាងដូចជាលុយកាក់ ឬអាវៈយវៈផ្នែកណាមួយឬរបស់ជាទីស្រឡាញ់ណាមួយ យើងត្រូវសំឡឹងមើលផ្នែកផ្សេងទៀតដែលយើងមាន។ ប្រសិនបើយើងបាត់បង់ទ្រព្យ យើងអាចពិចារណាបានទៀតថា យើងមានជីវិតដែលមិនអាចកាត់ថ្លៃបាន មានទំនាក់ទំនងដែលមិនអាចយកលុយកាក់មកវាស់វែងបានឬយើងមានគុណតម្លៃជាច្រើនផ្សេងទៀតដែលយើងនៅសល់។ ប្រសិនបើយើងអាចមើលឃើញពីតម្លៃរបស់ខ្លួនឯងបានកាន់តែច្រើននោះយើងនឹងមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការស្តារស្ថានភាពឡើងវិញនៅរាល់ពេលដែលយើងជួបបញ្ហាលំបាកណាមួយ៕