លោក ហេម៉ា ធ្លាប់បានប្រកបអាជីវកម្មជាច្រើន រួមមានរបរលក់ទូរស័ព្ទដៃ លក់កុំព្យូទ័រហាងអ៊ីនធឺណេត សាលាភាសាជប៉ុន រោងពុម្ពហាងកាហ្វេ ភោជនីយដ្ឋានហាងម៉ាស្សា ផ្សារក្រោមថ្មីដែលមានជាង៤០០តូប អង្គការមូលនិធិ ប៉ុន្ដែអាជីវកម្មទាំងនេះ មិនទទួលបានជោគជ័យដូចការរំពឹងទុកនោះទេ។ ទោះជាបានឆ្លងកាត់ការបរាជ័យ ជាច្រើនលើកច្រើនសារក៏ដោយ លោក ហេម៉ា មិនបានរាថយ ក្នុងការប្រកបអាជីវកម្មថ្មីនោះដែរ។
ក្នុងឆ្នាំ ២០០៦ លោក បានចាប់ផ្ដើមអាជីវកម្មបោកអ៊ុត ជាលើកដំបូងដោយចំណាយទុនដំបូងជាង ១៥០០០ ដុល្លារ រហូតដល់ក្នុងឆ្នាំ ២០១០លោក ហេម៉ា បានសម្រេចចិត្តបើកសាខាទី២ ទៅដល់ក្រុងភ្នំពេញ បើកសាខាទី៣ ឡើងដល់សាខាទី៦ និងកើនឡើងជាបន្តបន្ទាប់រហូតទទួលបានជោគជ័យខ្លាំងក្នុងឆ្នាំ ២០១៣ ហើយឥឡូវនេះ គាត់មានសាខាច្រើនជាង ១៧០សាខាទូទាំងប្រទេសកម្ពុជា និងនៅក្នុងប្រទេសវៀតណាមផងដែរ។
លោក ហេម៉ា ទទួលបាន ១០០០ដុល្លារ ក្នុងមួយឆ្នាំ ក្នុងការលក់កម្មសិទ្ធបញ្ញាទៅអោយអ្នកចែកចាយបន្ត ហើយកិច្ចសន្យាទៀតសោត គឺធ្វើឡើងរាល់៥ឆ្នាំម្តង ដោយធានាសងថ្លៃដើមចំពោះសាខាណាមួយដែលខាតដើម ក្នុងកំឡុងពេលកិច្ចសន្យា ម្យ៉ាងរាល់ការដំឡើងសម្ភារៈទាំងអស់គឺគាត់ជាអ្នកទទួលខុសត្រូវរៀបចំទាំងអស់។
មានស្រុកកំណើតនៅស្រុក ស្ទឹងសែន ខេត្តកំពង់ធំលោក ហេម៉ាបាននិយាយថាក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ការលក់កម្មសិទ្ធបញ្ញា យីហោ បោកអ៊ុតទំនើប កាន់តែមានការកើនឡើងនិងមានភាពល្បីល្បាញទូទាំងប្រទេស រហូតដល់ប្រទេសវៀតណាមផងដែរនោះធ្វើឲ្យលោកមើលឃើញពីឱកាសនៃការបញ្ចៀតចូលថ្មីបន្ថែម ទៅក្នុងទីផ្សារអាជីវកម្មបោកអ៊ុតនេះដោយការផលិត ផលិតផលលាងសម្អាតជាច្រើនមុខ។
អតីតនិស្សិតផ្នែកគ្រប់គ្រងរូបនេះបន្តថា ដោយសារការរីកចម្រើនរបស់យីហោបោកអ៊ុតទំនើប បានធ្វើឲ្យមានការទាក់ទាញពីបណ្តាក្រុមហ៊ុនជាច្រើន រួមមាន ថៃ ជប៉ុនតៃវ៉ាន់ ជាដើមនោះ ទាក់ទងឲ្យលោកចូលរួមការបណ្តុះបណ្តាលផ្នែកផលិតសាប៊ូ និងផលិតផលជម្រះមូយចំនួនទៀត។ បូករូមជាមួយនឹងបទពិសោធន៍ជិត១០ឆ្នាំក្នុងអាជីវកម្មនេះផង លោកបង្កើតបានផលិតផលសម្អាតជាង២០មុខហើយ ដែលមានយីហោ« បោកអ៊ុតទំនើប» ជាប្រភេទ សាប៊ូដុំ សាប៊ូទឹក និងម្សៅផងដែរ។ លោកបន្តទៀតថាការផលិតគឺធ្វើនៅប្រទេសខ្មែរ ប៉ុន្តែវត្ថុធាតុដើមនាំចូលពី ប្រទេសផ្សេងៗ។
លោក ហែម ហេម៉ា បញ្ជាក់ទៀតថា «ផលិតផលសាប៊ូទាំងនោះកំពុងត្រូវបានប្រើប្រាស់នៅគ្រប់សាខានឹងមានគុណភាពក្នុងការលាងជម្រះ ព្រោះមានជម្រើសច្រើនក្នុងការតម្រូវទៅតាមប្រភេទ ខោអាវដូចជា ហូលផាមួង ឫ ការប្រឡាក់ខ្លាញ់ឫឈាមជាដើម ហើយនឹងត្រៀមលក់ក្នុងទីផ្សារក្នុងឆ្នាំថ្មីនេះ»។
ក្នុងការធ្វើអាជីវកម្ម លោក ហេម៉ា បាននិយាយថា« ត្រូវមានភាពចំនុចល្អផ្ទាល់ខ្លួន ដែលអ្នកផ្សេងមិនអាចធ្វើបាន ត្រូវឲ្យអតិថិជនស្គាល់យើង ឲ្យបានច្បាស់ជាមុនសិន រៀនស្វែងយល់គំនិតថ្មីៗ ត្រូវមានផែនការច្បាស់លាស់ មានលក្ខណៈសំគាល់ផ្ទាល់ខ្លួន ជាក់ស្តែង ដូចជាស្លាកយីហោ ហាងបោកអ៊ុតទំនើប គឺមានប្រវែងបណ្តោយ ៨ម និង ទទឹង ៣ម ដែលមានលក្ខណៈ ស្រួលចំណាំ ម៉្យាងទៀតត្រូវផ្តោតទៅលើអាជីវកម្មយើងឲ្យប្រាកដប្រជា កុំបែកឆ្វេង កុំចាប់នេះផង នោះផង មិនមែនជាជម្រើសល្អទេ»៕
អត្ថបទដោយ ឈុន វួចលាង