រឿង​សាមញ្ញ​​ៗ​ ​តែ​​យើង​អាច​ជួយ​​ដល់​ប្រព័ន្ធ​ស្បៀង​អាហារ​​នា​ពេល​អនាគត​

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

អាហារ​ដែល​មាន​តម្លៃ​សមរម្យនិង​សំបូរ​ជីវជាតិ​ល្អ​​​ជួយ​ដល់​សុខភាពគ្រប់​គ្នា​ប្រាកដ​ជា​ចង់​បាន​។ ជា​មួយ​គ្នា​នេះការ​ចូល​រួម​ចំណែក​​ពី​យើង​ទាំង​អស់​គ្នា ដើម្បី​ទទួល​បាន​គោល​ដៅ​​នេះ គឺ​អាច​ធ្វើ​បាន​តាម​រយៈ​សកម្មភាព​​ប្រចាំ​ថ្ងៃ​មួយ​ចំនួន។ តាម​រយៈ​ អង្គការ​ស្បៀង​អាហារ​ពិភព​លោក​ Food and Agriculture Organization of the United Nations (FAO) បាន​បង្ហាញ​នូវ​សកម្មភាព​មួយ​ចំនួន​ដែល​យើង​គ្រប់​គ្នា​អាច​ជួយ​ដល់​រឿង​ទាំង​នេះ​​ដូច​ជា​៖

.ទិញ​អាហារ​ដាំ​ដុះ​ផ្ទាល់​​​ក្នុង​​​​​តំបន់​​មូលដ្ឋាន

យើង​អាច​​គាំ​ទ្រ​​កសិករ​ដោយ​ទិញ​ផលិត​ផល​​​​អាហារដែល​បាន​ដាំ​ដុះ​ដោយ​ផ្ទាល់​នៅ​តាម​​មូលដ្ឋាន ​​ក្នុង​តំបន់ក៏​ដូច​ជា​ទីផ្សារ​កសិផល​ក្នុង​សហគមន៍​ជា​ដើម។ ការ​ធ្វើ​បែប​នេះអ្នក​បាន​ជួយ​ជម្រុញ​សេដ្ឋកិច្ច​​កសិករ​​ ដែល​បាន​ដាំ​ដុះ​ក្នុង​តំបន់និង​ជម្រុញ​ឱ្យ​មាន​​ការ​ដាំ​ដុះ​​ដំណាំ​ម្ហូប​អាហារប្រកប​ដោយ​ចីរភាព​។

.ជ្រើស​ទិញ​បន្លែ​ ផ្លែ​ឈើ​ ម្ហូប​អាហារ​តាម​រដូវ​កាល

តើ​អ្នក​ដឹង​ទេ? អ្នក​នឹង​​រួម​ចំណែក​កាត់​បន្ថយ​ការ​បញ្ចេញ​ផ្សែង​កាបូននៅ​ពេល​អ្នក​ទិញ​​ផលិត​ផល​តាម​រដូវ​កាល​។ នេះ​មាន​ន័យ​ថានៅ​ពេល​​តម្រូវ​ការ​ម្ហូប​អាហារ​មិន​ចំ​រដូវ​កាល​ច្រើន នឹង​នាំ​ឱ្យ​​មាន​ការ​នាំ​ចូល​​អាហារ​ពី​ប្រទេស​ក្រៅដែល​តម្រូវ​ឱ្យ​មាន​ការ​ដឹក​ជញ្ជូន​ដើម្បី​បំពេញ​តម្រូវ​​ការ​​​ក្នុង​ទី​ផ្សារ​។ ម្យ៉ាង​ទៀត​ ការ​ញ៉ាំ​បន្លែផ្លែ​ឈើ​​តាម​រដូវ​កាល​ធម្មជាតិ​របស់​វាគឺ​មាន​រសជាតិ​ឆ្ងាញ់និង​ជីវជាតិ​​ល្អ​ជាង​បន្លែ ឬ​ផ្លែ​ឈើ​មិន​តាម​រដូវ​កាល​។

.ការ​​ដាំ​​បន្លែនៅ​ផ្ទះ

មាន​​ទី​កន្លែង​ខ្លះ​​នៅ​ផ្ទះដូច​ជា​យ៉រ ឬ​ឡៅតឿអ្នក​អាច​ច្នៃ​ជា​សួនឬ​កន្លែង​សម្រាប់​ដាំ​បន្លែ​បង្ការ​ផ្សេង​ៗ​បានហើយ​អ្នក​នឹង​​បាន​រៀន​ដោយ​ខ្លួន​ឯង​ពី​ការ​ដាំ​ដុះ​បន្លែព្រម​ទាំង​​រីក​រាយ​នឹង​ផល​ដែល​អ្នក​ដាំ​បាន​ដោយ​ខ្លួន​ឯង​​ផង​ដែរ។

​​.ជ្រើស​ប្រភេទ​អាហារ​សុខភាពនិង​​ផ្សេង​ៗ​គ្នា

អាហារ​ដែល​ល្អ​សម្រាប់​សុខ​ភាពមាន​បន្លែ​-ផ្លែ​ឈើនឹង​រួម​ចំណែក​ជា​វិជ្ជមាន​​ទៅ​ដល់​សុខភាព​របស់​យើង។ ម្យ៉ាង​ទៀត​ការ​ជ្រើស​​រើស​ប្រភព​អាហារ​សុខភាពផ្សេង​ៗ​គ្នា​ចម្រុះ​​ច្រើន​មុខ នឹង​ជួយ​ទៅ​ដល់​ផលិតកម្ម​អាហារ​សុខភាព​គ្រប់​ប្រភេទ​ឱ្យ​​កើត​ឡើង​ច្រើន​។ ហើយ​នេះ​បាន​ជួយ​ទាំង​សុខភាព​យើង ព្រម​ទាំង​សុខភាព​ដី​និង​បរិស្ថាន​ដាំ​ដុះ​ផង​ដែរនៅ​ពេល​ដំណាំ​លើ​ដី​ត្រូវ​បាន​ដាំ​ឆ្លាស់​គ្នា​។

.ឥទ្ធិពល​ទម្លាប់​ទិញ​អាហារ​ល្អ​ៗ

នៅ​ពេល​អ្នក​ទិញ​អាហារ​បន្លែ​ធម្មជាតិដែល​ល្អ​សម្រាប់​សុខភាពនោះ​ នឹង​ក្លាយ​​​​ជា​គំរូ​ល្អទៅ​ដល់​អ្នក​រស់​នៅ​ជុំ​វិញ​ខ្លួន​អ្នក​ផង​ដែរដោយ​ទម្លាប់​​ល្អ​ក្នុង​ការ​ទិញ​ចំណី​​អាហារ​ល្អ នឹង​បង្កើន​សកម្មភាព​ល្អ​ជា​ប្រយោជន៍​ទៅ​ដល់​​សុខភាព​។

គួរ​រំលឹក​ផង​ដែរ​ថាសកម្មភាព​​មួយ​ចំនួន​ខាង​លើ​នេះត្រូវ​បាន​លើក​ឡើង​​ដោយអង្គការ​ស្បៀង​អាហារ​ពិភព​លោក។ ការ​លើក​ឡើង​នេះ គឺ​ដើម្បី​ការ​ចូល​រួម​ចំណែក​​ទាំង​អស់​គ្នាសម្រាប់​​ជួយ​ដល់​ប្រព័ន្ធ​ស្បៀង​អាហារ ដែល​​​រង​បញ្ហា​ប្រឈម​នានារាប់​ទាំង​ការ​​ផ្លាស់​ប្តូរ​អាកាស​ធាតុ វិបត្តិ​កូវីដ​​​-19 និង​បញ្ហា​សេដ្ឋ​កិច្ច​នានា ​ដែល​​បាន​រង​ផល​ប៉ះ​ពាល់​​ពី​បញ្ហា​ប្រឈម​ផ្សេង​ៗ​ទៀត​ជា​ដើម៕