ដំណើរការនៃការរៀបចំ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន មកដល់ថ្ងៃចុះហត្ថលេខាជាផ្លូវការ

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ការពិភាក្សាលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា ចិនបានប្រព្រឹត្តទៅក្នុងកំឡុងពេលនៃដំណើរទស្សនៈកិច្ចផ្លូវការទៅកាន់រដ្ឋធានីប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន កាលពីថ្ងៃ ២១-២៣​ខែមករា ឆ្នាំ ២០១៩ ដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិត ចិន ។

ក្រោយមក នៅថ្ងៃទី ២២ មករា ឆ្នាំ ២០១៩ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពគ្នាឲ្យក្រុមការងារចម្រុះចាប់ផ្ដើមធ្វើការសិក្សាមួយ ដើម្បីត្រួតពិនិត្យលទ្ធភាពទាំងផលចំនេញ និងបញ្ហាប្រឈមនានានៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា ចិន ក្នុងការបើកបន្ថែមនូវច្រកទីផ្សារទំនិញនិងសេវាសំដៅពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ។

ការសិក្សានេះត្រូវបានបញ្ចប់នៅខែធ្នូ ឆ្នាំ​២០១៩ ហើយបានដាក់ឆ្លងនីតិវិធីផ្ទៃក្នុង និងស្នើសុំការអនុម័តយល់ព្រមពីរដ្ឋាភិបាលរៀងខ្លួន។ ក្រុមចរចារកម្ពុជា បានទទួលការអនុញ្ញាតជាគោលការណ៍ ពីរាជរដ្ឋាភិបាលឲ្យចាប់បើការការចរចារនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៩។

ដំណើរការនៃការកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា ចិន បានបើកដំណើរការជាផ្លូវការ តាមកាលបរិច្ឆេទដូចខាងក្រោម៖

-       កិច្ចចរចារបានចាប់ផ្ដើមជាផ្លូវការលើកទី១ នៅថ្ងៃទី ២០ ២១ ខែមករា ឆ្នាំ ២០២០ នៅទីក្រុង ប៉េកាំង ប្រទេសចិន

-       កិច្ចចរចារលើកទី២ធ្វើនៅថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២០ តាមរយៈប្រព័ន្ធវីដេអូ

-       កិច្ចចរចារលើកទី៣ធ្វើនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ​២០២០ តាមរយៈប្រព័ន្ធវីដេអូ (ជាជុំចុងក្រោយ)

ក្រោយពីបានបញ្ចប់កិច្ចចរចារចំនួន៣ជុំរួច រដ្ឋមន្រ្តីពាណិជ្ជកម្មនៃប្រទេសទាំងពីរមាន ឯកឧត្តម ប៉ាន សូរស័ក្ដិ និងឯកឧត្តម ចុងស្សាន បានប្រកាសបិទបញ្ចប់ការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្ម CCFTAនេះជា ផ្លូវការតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី ២០ ខែកក្ដដា ឆ្នាំ​២០២០។

ភាគីទាំងពីរបានសម្រេចុះហត្ថលេខាលើកិច្ចព្រមព្រៀងCCFTAនេះ ក្នុងកំឡុងទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសសាធារណៈរដ្ឋប្រជាមានិតចិននាថ្ងៃ១២ តុលា ឆ្នាំ ២០២០ ៕

ប្រភពពីក្រសួងពាណិជ្ជកម្ម