​រ៉ាណន់ ផល៖ វិចិត្រករគំនូរកែច្នៃវ័យក្មេង ដ៏ល្បី មកពីខេត្តបាត់ដំបង

ស្ថិតក្នុងវ័យ២៥ឆ្នាំ បុរសសម្បុរសណ្តែកបាយម្នាក់ដែលត្រូវបានសាធារណជនស្គាល់ថាជាបុគ្គលដែលមានទេពកោសល្យផ្នែកគូររួបច្នៃប្រឌិតដ៏គួរអោយស្ងើចសរសើរនិងមានគំនិតសុដិទ្ឋិនិយមចំពោះសិល្បៈគំនូរនោះ គឺលោក​រ៉ាណន់ ផល។

អត្ថបទផ្សាយឡើងវិញ

មានស្រុកកំណើតនៅខេត្តបាត់ដំបងលោកគឺជាកូនទី៣ ក្នុងចំណោមបងប្អូន ៤នាក់ដែលម្តាយជាអ្នកទទួលបន្ទុករ៉ាប់រងក្នុងគ្រួសារ ដោយសារលោកឪពុកបានទទួលមរណភាពតាំងពីឆ្នាំ២០០៦មក។ លោកបានបង្ហើបថា “ខ្ញុំគិតថា ខ្ញុំទទួលឈាមជ័រខាងសិល្បៈគំនូរនេះពីឪពុករបស់ខ្ញុំព្រោះខ្ញុំធ្លាប់បើកមើលសៀវភៅកិច្ចការខ្លះរបស់គាត់ ហើយឃើញមានការគូររចនា តុទូនិងគ្រឿងសង្ហារឹមផ្សេងៗទៀត ប្រកបដោយភាពល្អប្រណិតគួរអោយចាប់អារម្មណ៍”។ក្រៅពីមានឪពុកជាអ្នកមានសមត្ថភាពគូររូប និងរចនាក្បាច់ដ៏ស្អាត លោកក៏បានបន្ថែមថា បងប្រុសរបស់លោកទាំងពីរក៏អាចគូររូបបានយ៉ាងល្អស្អាតប៉ុន្តែពួកគាត់មិនបានយកជំនាញនេះធ្វើជាអាជីពដូចជាលោកទេ។

យ៉ាងណាមិញដោយសារតែមានការផ្លាស់ប្តូរទីលំនៅដ្ឋានជាញឹកញាប់ ចេញពីកន្លែងមួយទៅកន្លែងមួយនិងពីខេត្តមួយទៅខេត្តមួយទៀត លោកបានបន្តថា​ ការសិក្សាពីក្មេងនៅសាលារៀន មិនសូវមានភាពល្អប៉ុន្មានទេ។បើទោះជាដឹងខ្លួនថាមិនមែនជាសិស្សពូកែលេចធ្លោក្នុងថ្នាក់ម្នាក់ក៏ដោយក៏លោកមិនអាក់អន់ស្រពន់ចិត្តដែរព្រោះលោកដឹងថាលោកមានជំនាញសិល្បៈមួយ ដែលគ្រប់គ្នានៅក្នុងថ្នាក់មិនមានដូចលោក។ លោកបានចាប់ផ្តើមគូររូបតាំងពីអាយុ ៩ឆ្នាំមកម្ល៉េះ ហើយដោយសារតែការស្រឡាញ់ចូលចិត្តខាងគំនូរព្រមទាំងមានការគាំទ្រលើកទឹកចិត្តពីសំណាក់គ្រួសារនិងមិត្តភក្តិផងដែរនោះលោកបានបន្តជំនាញនេះមកដល់សព្វថ្ងៃ។

ក្រឡេកទៅមើលអតីតភាពរបស់លោកវិញម្តងបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យលោកបានទទួលអាហារូបករណ៍ពីមិត្តភក្តិម្នាក់ ទៅសិក្សាបន្តនៅទីក្រុងមីឡាន ប្រទេសអ៊ីតាលីផ្នែកសិល្បៈគំនូរ។​

លោកបានចែករំលែកបទពិសោធន៍ការសិក្សាក៏ដូចជាការរស់នៅនៅបរទេស ដែលមានភាពលំបាកយ៉ាងខ្លាំងនៅពេលដែលលោកបានទៅដល់ដំបូង។ជាការពិតណាស់ ដើម្បីទទួលបានលិខិតបញ្ជាក់ចូលប្រឡងនៅសាកលវិទ្យាល័យលោកត្រូវរៀនភាសាអ៊ីតាលីចំនួន ៣ខែ។ ការសិក្សាភាសាបរទេសពិតជាមិនអាយស្រួលប៉ុន្មាននោះទេពីព្រោះចាំបាច់ត្រូវរៀនអោយច្រើន និងអនុវត្តន៍ច្រើនផងដែរដូចជា ការស្តាប់ ការនិយាយការអាន និងការសរសេរ។

វាពិតជាថ្មីមែនទែនសម្រាប់ខ្ញុំ ព្រោះត្រូវសម្របខ្លួននឹងមជ្ឍដ្ឋានរស់នៅជាក់ស្តែង ការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកដទៃការធ្វើដំណើរប្រចាំថ្ងៃ និងបញ្ហាប្រឈមផ្សេងទៀត”​ លោកបានលើកឡើងដូចនេះ។ដោយសារតែភាសាអង់គ្លេសមិននិយមប្រើប្រាស់នៅប្រទេសអ៊ីតាលីម្យ៉ាងវិញទៀតនៅតំបន់ដែលលោករស់នៅនោះ មិនសូវមានជនជាតិខ្មែរនៅច្រើនប៉ុន្មាន ហេតុនេះលោកត្រូវជំនះការលំបាកទាំងឡាយជាពិសេសទាក់ទងនឹងការសិក្សានៅសាកលវិទ្យាល័យ។លោកបន្ថែមទៀតថា អ្នករស់នៅទីនោះសុទ្ធសឹងតែជាមនុស្សសកម្មនឹងការងារពួកគេពិតជារហ័សរហួន មិនខ្ជិលច្រអូសទេដែលកត្តានេះហើយកាន់តែជម្រុញលោកអោយមានការខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

គួរបញ្ជាក់ផងដែរថាលោកទទួលបានការសិក្សារយៈពេលបីឆ្នាំនៅ ប៉ុន្តែបច្ចុប្បន្ននេះលោកមិនទាន់បានបញ្ចប់ការសិក្សានៅឡើយទេ។នៅប្រទេសអ៊ីតាលី បន្ទាប់ពីទំនេរពីការងារសាលា លោកតែងឆ្លៀតពេលរៀនគូររូបនិងសិក្សាស្រាវជ្រាវដោយខ្លួនឯងព្រមទាំងទទួលគូររូបបន្ថែមបើសិនជាមានគេត្រូវការអោយគូរ។

លោករ៉ាណន់ផល ជាមនុស្សស្រឡាញ់សិល្បៈគំនូរនេះតាំងពីតូច ហើយតែងតែមានបំណងប្រាថ្នាធំនៅថ្ងៃអនាគតពោលគឺចង់សាយភាយទម្រង់សិល្បៈមួយប្រភេទនេះដល់សាធារណជនគ្រប់រូបអោយស្រឡាញ់ចូលចិត្តនិងអោយតម្លៃ។ អាស្រ័យហេតុនេះហើយលោកបានចំណាយពេលវេលាវិស្សមកាលរបស់លោកមកលេងស្រុកកំណើតវិញព្រមទាំងបានពាំនាំនួវសមិទ្ធិផលដែលលោកបានកសាងនៅប្រទេសមកចែកជូនប្រជាជនខ្មែរ។

“Ranon Phal-Art Night’’ គឺជាឈ្មោះពិព័រណ៍សិល្បៈគំនូរមួយរបស់លោករ៉ាណន់ផល​ ដែលមានការជួយសហការជ្រោមជ្រែងដោយលោក រ៉េមី ហ៊ូ ជាអ្នករចនាម៉ូតសម្លៀកបំពាក់នៅឡូសអេនចឹលេស រដ្ឋកាលីហ្វ័រញ៉ា។ ពិព័រណ៍សិល្បៈនេះបានធ្វើឡើងនៅក្នុងបរិវេណសណ្ឋាគារមិត្តតូកាលពីថ្ងៃ២១ ខែមិនានេះ វេលាម៉ោង ៦ល្ងាច ដល់ ១០យប់។  ពិព័រណ៍នេះមានគោលបំណងចង់បង្ហាញអំពីរូបគំនូរដែលប្រើជក់ខ្មៅគូរជាង ៧០ផ្ទាំងឆ្លុះបញ្ចាំងពីទស្សនីយភាពប្លែកៗដូចជា ទិដ្ឋភាពទីកន្លែងមួយចំនួនក្នុងរាជធានីភ្នំពេញនិងរូបភាពច្នៃប្រឌិតផ្សេងៗទៀត។ ទន្ទឹមនឹងគ្នានេះដែរ លោកក៏បានបញ្ចេញចំណាប់អារម្មណ៍រំភើបរីករាយដោយសារពិព័រណ៍នេះអាចប្រព្រឹត្តទៅយ៉ាងជោគជ័យលើសពីការរំពឹងទុកដែលសបញ្ជាក់អោយឃើញថាកូនខ្មែរបច្ចុប្បន្ននេះក៏ស្រឡាញ់ចាប់អារម្មណ៍អំពីសិល្បៈមួយប្រភេទនេះច្រើនគួរសមដែរ។

ដោយសារតែមានការសង្កេតឃើញថាវិស័យសិល្បៈគំនូរនៅក្នុងស្រុកខ្មែរមានការខ្វះខាតច្រើនលោកក៏បានជម្រុញទឹកចិត្តអោយអ្នកដែលមានទេពកោសល្យផ្នែកគូររូបអោយខិតខំប្រឹងប្រែងទៀតកុំអាលបាក់ទឹកចិត្ត ឫចង់បោះបង់ចោលសមត្ថភាពដែលខ្លួនមាននេះ។ លោកនិយាយថា “យើងត្រូវអោយតម្លៃលើខ្លួនឯងអោយច្រើន កុំខ្វល់លើសម្តីអ្នកដទៃច្រើនពេកព្រោះយើងមានលទ្ធភាពធ្វើវាហើយ យើងត្រូវតែចេះកែច្នៃ ចេះអភិវឌ្ឍន៍ចំណាយពេលអោយបានច្រើនធ្វើអ្វីដែលមានប្រយោជន៍ថ្ងៃណាមួយស្នាដៃរបស់យើងនឹងត្រូវបានគេទទួលស្គាល់ជាក់ជាមិនខានដរាបណាយើងមិនបោះបង់”។

គួររំលឹកផងដែរថា គោលបំណងនៅថ្ងៃអនាគតរបស់វិចិត្រករវ័យក្មេងមួយរូបនេះបន្ទាប់ពីបញ្ចប់ការសិក្សានៅបរទេសគឺនឹងត្រឡប់មកស្រុកខ្មែរវិញដើម្បីធ្វើការជាមួយសិល្បករខ្មែរដទៃទៀតក៏ដូចជាចង់ចែករំលែកនូវបទពិសោធន៍និងចំណេះដឹងដែលលោកមានមកអោយអ្នកដែលចាប់អារម្មណ៍លើវិស័យនេះផ្ទាល់។ បន្ថែមពីនេះទៅទៀតលោកក៏ចង់បង្កើតជាមុខជំនួញនាថ្ងៃខាងមុខដោយខ្លួនឯងដែរ៕