បំបាត់​ប្រេះ​កែងជើង​យ៉ាងមាន​ប្រសិទ្ធភាព អស់​លុយ​តិច​បំផុត

មូលហេតុ​ដែល​ធ្វើ​ឱ្យ​ប្រេះ​កែង​ជើង​មាន​ច្រើនអាច​មក​ពី​​របប​អាហារ​ ខ្វះ​ជីវជាតិ កង្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន ការ​មិន​បាន​សម្អាត​ជើង​ឱ្យ​បាន​ត្រឹម​ត្រូវ​ និង​ការ​ដើរ​ក្នុង​ទឹក​កខ្វក់​ញឹក​ញាប់​ជា​ដើម។ មាន​ថ្នាំ​​វិទ្យាសាស្ត្រ​លាប​បំបាត់​ប្រេះ​កែង​ជើង​នេះ​លក់​នៅ​តាម​ឱសថ​ស្ថាន ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចង់​ប្រើ​វិធី​តាម​បែប​ធម្មជាតិ និង​អស់​លុយ​តិចអាច​សាកល្បង​វិធី​សាស្ត្រ​ខាង​ក្រោម​ដែល​មិន​មានប៉ះពាល់​សុខភាព​ឡើយ។

១.ដាក់​ចំណិត​ក្រូច​ឆ្មារ​នៅ​ក្រោម​កែង​ជើង៖

វិធីសាស្ត្រ​នេះ​ពិត​ជា​មាន​ប្រសិទ្ធភាព​ខ្ពស់។ ក្រូច​ឆ្មារ​មាន​ជាតិ​វីតាមីន​C  និង​រ៉ែ​ខនិជ​ដែល​ជួយ​កាត់​បន្ថយ​សភាព​ស្ងួត​ក្រាំង​ និង​ជួយ​ឱ្យ​ឆាប់​ជា​សះ​ស្បើយ។ ​អ្វី​ដែល​អ្នក​ត្រូវ​ការ​គឺ​កាត់​ក្រូច​ឆ្មារ​ជា​ពីរ ច្របាច់​ទឹក​ចេញ ​(ទុក​នៅ​តែ​តិចៗ​បាន​ហើយ) ហើយ​យក​មក​ដាក់​នៅ​ក្រោម​កែង​ជើង រួច​ពាក់​ស្រោម​ជើង​កុំ​ឱ្យ​ជ្រុះ។ ទុក​វា​ចោល​ប្រហែល​៣០​ទៅ​៦០​នាទី រួច​​ដក​ចេញ និង​លាង​ទឹក​សម្អាត​​ជា​ការ​ស្រេច។

២.ប្រើ​ប្រេង​អូលីវ៖

វិធី​សាស្ត្រ​នេះ​ជួយ​ឱ្យ​ស្បែក​​ប្រែ​ជា​ទន់ និង​កាត់​បន្ថយ​សភាព​ប្រេះ​បាន​ឆាប់​ដោយ​មិន​ចាំ​បាច់​ប្រើ​វត្ថុ​ធាតុ​គីមី។ គ្រាន់​តែ​លាប​ប្រេង​អូលីវ​នៅ​ត្រង់​កែង​ជើង​ នៅ​មុន​ពេល​ចូល​គេង​រាល់​យប់ ដោយ​ពាក់​ស្រោម​ជើង​ដើម្បី​កុំ​ឱ្យ​ប្រេង​ប្រឡាក់​ភួយឬ​កម្រាល​ពូក។ ធ្វើ​ដូច​នេះ​ជា​ប្រចាំ​នៅ​ពេល​ភ្ញាក់​ឡើង​​ពេល​ព្រឹកអ្នក​នឹង​មាន​អារម្មណ៍​ថា​ស្បែក​កែង​ជើង​​ឡើង​ទន់​ជាង​មុនហើយ​​ភាព​ប្រេះ​ដែល​ជ្រៅ​នោះ​ក៏​បាត់​បន្តិច​ម្ដងៗ។

៣.ទឹក​ដោះ​គោនិង​ទឹក​ឃ្មុំ៖

គ្រឿង​ផ្សំ​ទាំង​ពីរ​នេះ​មាន​គុណ​ប្រយោជន៍​ខ្លាំង​សម្រាប់​ស្បែក​គ្រប់​កន្លែង​នៃ​រាងកាយ។ វា​ជួយ​ឱ្យ​ស្បែក​ឡើង​ទន់ និង​ម៉ត់​រលោង នៅ​ពេល​ប្រើ​ជា​ប្រចាំ។ វិធី​ធ្វើ​ដើម្បី​បំបាត់​ប្រេះ​កែង​ជើង អ្នក​​ត្រូវ​លាយ​គ្រឿង​ផ្សំ​ទាំង​ពីរ​នេះ​ចូល​គ្នា​ឱ្យ​សព្វ​សាច់ រួច​​​យក​ទៅ​លាយ​ក្នុង​កាធុន ឬ​ធុង​ទឹក​ក្ដៅ​ឧណ្ហៗ ហើយ​ដាក់​ជើង​ត្រាំ​ប្រមាណ​១៥​នាទី សឹម​លាង​សម្អាត​ចេញ៕