ស្វែង​យល់​ខ្លះ​ៗពី៖ ​អ្វី​ជា​គោល​ដៅ​អភិវឌ្ឍន៍​​ប្រកប​ដោយ​ចីរភាព​ (SDGs)

គោល​ដៅ​អភិវឌ្ឍន៍​​ប្រកប​ដោយ​ចីរភាព The Sustainable Development Goals (SDGs) ឬ​​គេ​អាច​ស្គាល់​ថា​ជា​គោល​ដៅ​​ពិភព​លោក​រួម ​ត្រូវ​បាន​​​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ​ អនុម័ត​រួម​​​ក្នុង​ឆ្នាំ​២០១៥ ជា​ការ​អំពាវ​នាវ​រួម​​​សម្តៅ​​ទៅ​រក​សកម្មភាព ​ដើម្បី​បញ្ចប់​ភាព​ក្រី​ក្រការពារ​​ភព​ផែន​ដី និង​ធានា​​ថា​រាល់​ប្រជា​ជន​នៅ​ទូទាំង​ពិភព​លោក​ទទួល​បាន​សុខ​សន្តិភាព និង​ភាព​រីក​ចម្រើន​ជា​រួម​នៅ​​ឆ្នាំ​​២០៣០។

ដោយ​សារ​គោល​បំណង​​ចម្បង​ខាង​លើ ដូច​នេះ​​គោល​ដៅ​​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ ដែល​មាន​​ចំនួន​១៧​គោល​ដៅ​​ត្រូវ​បាន​បង្កើត​​​​​​ឡើង ហើយ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា សកម្មភាព​គោល​ដៅ​ទាំង​នោះ​រួម​បញ្ចូល​​និង​អនុវត្ត​ក្នុង​តំបន់​ណា​មួយ នឹង​មាន​ឥទ្ធិពល​ទៅ​លើ​​ប្រទេសឬ​តំបន់​ផ្សេង​ៗ​ទៀត​។ បន្ថែម​ពី​នោះ ការ​​អភិវឌ្ឍ​​គោល​ដៅ​ជា​អន្តរជាតិ​ទាំង​នោះក៏​ត្រូវ​ធ្វើ​​ឱ្យ​មាន​​សមតុល្យ​រវាង​សង្គម សេដ្ឋកិច្ចនិង​បរិស្ថាន​ប្រកប​ដោយ​​​​ភាព​យូរ​អង្វែង​​។

ដូច​នេះ​​​​ដើម្បី​ទៅ​ដល់​គោល​ដៅ​សកល​​ខាង​លើ ​នៅ​ត្រឹម​ឆ្នាំ​២០៣០ គឺ​តម្រូវ​ឱ្យ​មាន​ការ​​ចូល​រួម​ពី​​​មហាជន​​ពី​គ្រប់​មជ្ឈដ្ឋាន។ បន្ថែម​ពី​នោះភាព​ច្នៃ​ប្រឌិត ចំណេះ​​ដឹង បច្ចេកវិទ្យា និង​ធនធាន​ថវិកា​​ពី​គ្រប់​​បណ្តា​សង្គម​ គឺ​​ជា​​​ភាព​​ចាំ​បាច់​ផង​ដែរ​ដើម្បី​ជា​ជំហាន​​ឆ្ពោះ​ទៅ​រក​​បរិបទ​គោល​ដៅ​ជា​រួមSDGs ។

សម្រាប់​គោល​ដៅ​​សំខាន់​ៗ​ចំនួន​១៧​មាន​ដូច​ខាង​ក្រោម​នេះ​៖

គោល​ដៅ​ទី​១​៖ ពុំ​មាន​ភាព​ក្រី​ក្រ​: ការ​បញ្ចប់​ភាព​ក្រី​ក្រ​គ្រប់​ទម្រង់​ទាំង​អស់ ​ដោយ​ធានា​ថា ​ភាព​ក្រី​ក្រ​ធ្ងន់​ធ្ងរ​​ត្រូវ​បាន​លុប​បំបាត់ ហើយ​ភាព​ក្រី​ក្រ​ជា​រួម​ត្រូវ​បាន​កាត់​បន្ថយ​​៥០​%។

គោល​ដៅ​ទី​២៖ គ្រោះ​អត់​ឃ្លាន​ស្មើ​សូន្យ​:ការ​បញ្ចប់​​ការ​អត់​ឃ្លាន​ សម្រេច​ឲ្យ​បាន​សន្តិសុខ​ស្បៀង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ស្ថានភាព​អាហារូបត្ថម្ភ និង​លើក​កម្ពស់​កសិកម្ម​ប្រកប​ដោយ​ចីរភាព​ ដោយ​ធានា​នូវ​ការ​ទទួល​បាន​ស្បៀង​អាហារ​ប្រកប​ដោយ​សុវត្ថិភាព​ និង​អាហារ​គ្រប់​គ្រាន់​សម្រាប់​មនុស្ស​គ្រប់​គ្នា​គ្រប់​ពេល​វេលា​។

គោល​ដៅ​ទី​៣៖ សុខភាព និង​សុខមាលភាព​មាំ​មួនធានា​ឱ្យ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ ប្រកប​ដោយ​សុខភាព​ល្អនិង​លើក​កម្ពស់​សុខមាល​ភាព​របស់​​មនុស្ស​​គ្រប់​រូប​ និង​គ្រប់​វ័យ​។

គោល​ដៅ​ទី​៤៖ ការ​អប់​រំ​ប្រកប​ដោយ​គុណ​ភាព:ធានា​ការ​អប់​រំ​ប្រកប​ដោយ​ គុណភាព គ្រប់​ជ្រុង​ជ្រោយ សមធម៌និង​លើក​កម្ពស់​​ឱកាស​សិក្សា​ពេញ​មួយ​ជីវិត​ សម្រាប់​ប្រជាជន​គ្រប់​រូប​។

គោល​ដៅ​ទី​៥៖ សមភាព​យេន​ឌ័រ:សម្រេច​សមភាព​យេនឌ័រ និង​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្រ្តីនិង​កុមារី​​ទាំង​អស់​។

គោល​ដៅ​ទី៦៖ ទឹក​ស្អាត​ និង​អនាម័យ:សកម្មភាព​ឆ្ពោះ​ទៅ​រក​ការ​ទទួល​បាន​ជា​សកល ​នូវ​ការ​គ្រប់​គ្រង​ទឹក​ស្អាតនិង​អនាម័យ​ដោយ​សុវត្ថិភាព និង​ការ​គ្រប់​គ្រង​ធន​ធាន​ទឹក​សម​ស្រប។

គោល​ដៅ​ទី៧៖ ថាម​ពល​ស្អាត​ដែល​មាន​តម្លៃ​សមរម្យ​:ផ្តោត​ទៅ​លើ​ការ​ទទួល​​បាន​សេវា​ថាម​ពល​ទំនើប ​ដែល​មាន​តម្លៃ​សមរម្យ​ទុក​ចិត្ត​បាន និង​មាន​និរន្តរភាព​។

គោល​ដៅ​ទី៨៖ ការងារ​សមរម្យ​ និង​កំណើន​សេដ្ឋកិច្ច​:ធានា​កំណើន​សេដ្ឋកិច្ច​​ប្រកប​ដោយ​ចីរភាព និង​គ្រប់​ជ្រុង​ជ្រោយមាន​មុខ​របរ​ពេញ​លេញ និង​ផលិតភាព​ និង​មាន​ការងារ​សមរម្យសម្រាប់​ប្រជាជន​​គ្រប់​រូប​។

គោល​ដៅ​ទី៩៖ ឧស្សហកម្ម នវានុវត្តន៍ និង​ហេដ្ឋារចនា​សម្ព័ន្ធ​: ផ្តោត​លើ​ការ​អភិវឌ្ឍ​ហេដ្ឋរចនា​សម្ព័ន្ធ និង​​ឧស្សាហកម្ម​ ដែល​មាន​ចីរភាព​និង​ភាព​ស៊ាំ​ រួម​ទាំង​សហគ្រាស​ខ្នាត​តូច​។ គោល​ដៅ​នេះចូល​រួម​ដល់​ការ​ស្រាវជ្រាវ​វិទ្យាសាស្រ្ត និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​បច្ចេកវិទ្យា​នៃ​ឧស្សាហកម្ម​។ លទ្ធភាព​ទទួល​បាន​នូវ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ និង​ការ​ប្រើ​ប្រាស់​អ៊ីនធើណេត​ដែល​មាន​តម្លៃ​សមរម្យ​។

គោល​ដៅ​ទី១០៖ កាត់​បន្ថយ​វិសមភាព​:របៀប​វារៈ​ឆ្នាំ​២០៣០​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លុះ​បញ្ចាំង​ថា សហគមន៍​​អន្តរជាតិបាន​ធ្វើ​ការ​បោះ​ជំហាន​យ៉ាង​សំខាន់ ​ក្នុង​ការ​លើក​កម្ពស់​មនុស្ស​ចេញ​ពី​ភាព​ក្រីក្រ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយវិសមភាព​នៅ​តែ​មាន​ ហើយ​វា​មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង ​ក្នុង​ការ​ទទួល​បាន​សេវា​សុខភាព សេវា​អប់​រំ និង​ទ្រព្យ​សម្បត្តិ​ផ្សេង​ទៀត​។

គោល​ដៅ​ទី១១៖ ទី​ក្រុង​ និង​សហគមន៍​​ប្រកប​ដោយ​ចីរភាព​:ធ្វើ​ឱ្យ​ទី​ក្រុង​ និង​ទី​កន្លែង​តាំង​ទី​​លំនៅ​ថ្មី​សម្រាប់​ប្រជាជន​មាន​លក្ខណៈ មាំ​ទាំ សុវត្ថិភាព​ និង​មាន​ចីរភាពមាន​គោល​បំណង​ធ្វើ​ឱ្យ​ប្រសើរ​​ឡើង​នូវ​លំនៅ​ដ្ឋាន​ ការ​ដឹក​ជញ្ជូន​កន្លែង​សាធារណៈ និង​បរិស្ថាន​ទី​ក្រុង និង​ពង្រឹង​ភាព​ធន់​ទៅ​នឹង​​គ្រោះ​មហន្តរាយ និង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។

គោលដៅ​ទី​១២៖ ការ​ប្រើ​ប្រាស់និង​ការ​ផលិត​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​: កាត់​បន្ថយ​កំណើន​សេដ្ឋកិច្ច​ពី​ការ​ប្រើ​ប្រាស់​ធនធាននិង​ភាព​រិចរិល​បរិស្ថាន។ ការ​ប្រើ​ប្រាស់​និង​ផលិត​កម្ម​ប្រកប​ដោយ​ចីរភាព​ពាក់​ព័ន្ធ​ នឹង​ការ​លើក​កម្ពស់​ធនធាននិង​ប្រសិទ្ធភាព​ថាម​ពល​ ក៏​ដូច​ជា​ការ​កាត់​បន្ថយ​ថ្លៃ​ដើម​នៃ​សេដ្ឋកិច្ច​ សង្គម​និង​បរិស្ថាន។​

គោលដៅ​ទី​១៣៖ សកម្មភាព​បរិស្ថាន​:មាន​គោល​បំណង​ចាត់​វិធាន​ការ​ជា​បន្ទាន់ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ផល​ប៉ះ​ពាល់​ នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ដោយ​អភិវឌ្ឍ​សមត្ថភាព​របស់​ប្រទេស​នី​មួយ​ៗ ដើម្បី​កាត់​បន្ថយ​​ហានិភ័យ​អាកាស​ធាតុនិង​ការ​បន្ស៊ាំ​។

គោលដៅ​ទី​១៤៖ ជីវិត​ក្រោម​ទឹក​:សំដៅ​លើ​អន្តរ​អំពើ​រវាង​មនុស្ស​ ជា​មួយ​នឹង​មហា​សមុទ្រ​។ ជា​ពិសេស​ វា​មាន​គោល​បំណង​ដើម្បី​អភិរក្ស និង​គ្រប់​គ្រង​ការ​ប្រើ​ប្រាស់​នៃ​មហា​សមុទ្រ​ សមុទ្រ និង​ធន​ធាន​សមុទ្រសម្រាប់​​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។​

គោលដៅ​ទី​១៥៖ ជីវិត​លើ​ដី​:ផ្តោត​លើ​ការ​ប្រើ​ប្រាស់​​ប្រកប​ដោយ​ចីរភាព ​នូវជីវ​ចម្រុះ​​នៅ​លើ​ដែន​ដី​គោក និង​ប្រព័ន្ធ​អេកូឡូស៊ី ដូច​ជា​ព្រៃ​ឈើ វាល​ស្មៅវាល​ខ្សាច់​ និង​តំបន់​ភ្នំ ព្រម​ទាំង​ទំនាក់​ទំនង​របស់​វា​ជា​មួយ​ប្រព័ន្ធ​ទឹក​សាប។

គោលដៅ​ទី​១៦៖ សន្តិភាព យុត្តិធម៌​ និង​ស្ថាប័ន​រឹង​មាំ:លើក​កម្ពស់​សង្គម​​ដែល​មាន​សន្តិភាព​ និង​ប្រកប​ដោយ​លក្ខណៈ​ចម្រុះដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​​ចីរភាព ផ្តល់​នូវ​ការ​ទទួល​បាន​យុត្តិធម៌​សម្រាប់​ប្រជាជន​គ្រប់​រូប និង​កសាង​ស្ថាប័ន​ដែល​មាន​ប្រសិទ្ធភាព គណនេយ្យភាព​និង​ការ​រួម​បញ្ចូល​គ្នា​​គ្រប់​​កម្រិត​។

គោលដៅ​ទី​១៧៖ ភាព​ជា​ដៃ​គូ ដើម្បី​សម្រេច​គោល​ដៅ:ពង្រឹង​មធ្យោបាយ​អនុវត្ត​នានា និង​បង្កើត​ភាព​រស់​រវើក​នៃ​ភាព​ជា​ដៃ​គូ​សកល សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ដែល​ស្តី​អំពី​ការ​សហការ​គ្នា​រវាងរដ្ឋាភិបាល សង្គម​ស៊ីវិល ស្ថាប័ន​ឯកជន និង​ភាគី​ផ្សេង​ៗ ដើម្បី​សម្រេច​បាន​នូវ​ក្រប​ខណ្ឌ​អភិវឌ្ឍ​ឆ្នាំ​២០៣០៕