ទិវា​លំនៅ​ដ្ឋាន​ពិភព​លោក ជម្រុញ​ការ​យក​ចិត្ត​ទុក​ដាក់​​​​អភិវឌ្ឍ​​តំបន់​ទី​ក្រុង​ប្រកប​ដោយ​ចីរភាព

អង្គការ​សហប្រជាជាតិ​ បាន​ជ្រើស​យក​ថ្ងៃ​​ចន្ទក្នុង​សប្តាហ៍​ដំបូង​នៃ​ខែ​តុលា រៀង​រាល់​ឆ្នាំ​​ដើម្បី​ប្រារព្ធ​​ទិវា​លំនៅ​ដ្ឋាន​ពិភព​លោក។ ការ​ប្រារព្ធ​ទិវា​នេះ គឺ​ដើម្បី​ឆ្លុះ​បញ្ជាំង​ពី​ដំណើរ​អភិវឌ្ឍ​​នៃ​ទី​ក្រុង​​នានា​ក្នុង​ប្រទេស​ខ្លួន​និង​ទៅ​លើ​សិទ្ធិ​ជា​មូលដ្ឋាន​ ដើម្បី​ទទួល​បាន​ជម្រក​សមរម្យ​ ដែល​​ទិវា​នេះ​​ផង​ដែរ​គឺ​រំលឹក​​​យើង​ផង​ដែរ​ថា មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​អំណាច​យក​ចិត្ត​ទុក​ដាក់​និង​ទំនួល​ខុស​ត្រូវ​ទៅ​លើ​អនាគត​ ទី​ក្រុង​​ជា​កន្លែង​រស់​នៅ​របស់​ខ្លួន​។

ស្រប​ពេល​​ដែល​មាន​ការ​បន្ត​រាល​ដាល​​ពី​វីរុស​​ផ្លូវ​ដង្ហើម COVID-19 មិន​ទាន់​​ឈប់​ប្រជាជន​​ជា​ច្រើន​ ត្រូវ​បាន​ណែ​នាំ​ឱ្យ​អនុវត្ត​វិធាន​ការ​​ស្នាក់​នៅ​ផ្ទះ​ដើម្បី​សុវត្ថិភាពតែ​យ៉ាង​ណា​មិញ ចំណាត់​ការ​នេះ នៅ​ពុំ​​អាច​អនុវត្ត​បាន​ទាំង​ស្រុង​នោះ​ទេពោល​គឺ​មាន​ប្រជាជន​ជា​ច្រើន​នៅ​លើ​ពិភព​លោក​​ដែល​ពុំ​មាន​ទី​ស្នាក់​នៅ​​សមរម្យ​។

​​​តាម​​​​និយម​ន័យ​ លំនៅ​ដ្ឋាន​សមរម្យ​​ដែល​បាន​​លើក​ឡើង​ក្នុង​​ការ​ផ្សព្វផ្សាយ​របស់​អង្គការ​សហប្រជាជាតិ គឺ​សំដៅ​ដល់​ទី​កន្លែង​ដែល​ពុំ​ត្រឹម​តែ​ជា​ជម្រក​ប៉ុណ្ណោះ​ទេ តែ​​ជា​កន្លែង​ដែល​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​សុវត្ថិភាព​ជា​កន្លែង​ដែល​យើង​អាច​បន្ត​ការ​រស់​នៅ ធ្វើ​ការ​ រៀន​សូត្រនិង​​អាច​ទទួល​បាន​​ការ​ប្រើ​ប្រាស់​សេវា​សង្គម​​ជា​មូលដ្ឋាន​មាន​ដូច​ជា​អនាម័យសេវា​សុខភាព ការ​អប់​រំ និង​បរិស្ថាន​​ជា​សាធារណៈ​ទៀត​ផង​។

បើ​​​តាម​ការ​លើក​បង្ហាញ​ទិន្នន័យ​ពី​អង្គការ​សហប្រជាជាតិ មក​ទល់​ពេល​ថ្មី​ៗ​នេះ គឺ​មាន​ប្រជាជន​ប្រហែល​ ១,៨​ពាន់​លាន​នាក់ កំពុង​រស់​នៅ​ក្នុង​ទី​លំនៅ​មិន​សមរម្យ​ និង​មាន​​បរិស្ថាន​កខ្វក់​ពោល​គឺ​​រស់​នៅ​ក្នុង​ស្ថានភាព​ទី​ជម្រក​​មិន​សមរម្យ​នៅ​មុន​ពេល​ការ​រាត​ត្បាត​នៃ​វីរុស​ COVID-19 ទៀត​ផង។ បន្ថែម​ពី​នោះប្រជាជន​​ប្រហែល ៣​​ពាន់​លាន​នាក់ពុំ​មាន​កន្លែង​លាង​ដៃ​ត្រឹម​ត្រូវ​ដូច​អ្នក​ដទៃ​ទៀត​នោះ​ឡើយ​។ នេះ​​មាន​ន័យ​ថាប្រជាជន​​ក្នុង​កម្រិត​ទូ​ទាំង​សាកល​លោក ជួប​នឹង​បញ្ហា​សុខភាព​មិន​ល្អ​ប្រសើរ ក៏​ដោយ​សារ​តែ​​កង្វះ​នៃ​សេវា​​​សង្គម​ឆ្លើយ​តប​ទៅ​នឹង គ្រោះ​មហន្តរាយ​ផ្សេង​ៗ​​មាន​ទាំង​បញ្ហា​សង្គម-សេដ្ឋកិច្ច និង​បរិស្ថាន​។

បញ្ហា​ខាង​លើ​នេះ​ហើយ ដែល​អង្គសហប្រជាជាតិ​បាន​ជ្រើស​យក​​ ថ្ងៃ​​ចន្ទ ខែ​តុលាសម្រាប់​រៀង​រាល់​ឆ្នាំ​ ប្រារព្ធ​នូវ​ទិវា​លំនៅ​ដ្ឋាន​ពិភព​លោក​ចាប់​ពី​ឆ្នាំ​១៩៨៥​​មក។ ទិវា​នេះ​ផង​ដែរ គឺ​បាន​​ជម្រុញ​ឱ្យ​មនុស្ស​​ផ្តោត​លើ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្ថាន​ភាព​នៃ​ទី​ប្រជុំជនក៏​ដូច​ជា​បញ្ហា​នានា​​ក្នុង​បណ្តា​ទី​ក្រុង​​លើ​ពិភព​លោកដែ​ល​គូ​ស​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​លំនៅដ្ឋាន​​ ថា​ជា​កត្តា​រុញ​ច្រាន​ដើម្បី​ឱ្យ​​មាន​ការ​អភិវឌ្ឍ​​នៅ​តំបន់​ទី​ក្រុង​ប្រកប​ដោយ​ចីរភាព​៕ ​​