ក្រសួងធនធានទឹក ជូនដំណឹងពីវិសម្ពាធទាបនៅថ្ងៃ៧តុលា ដែលអាចបណ្ដាលឲ្យតំបន់មួយចំនួនប្រឈមជំនន់ទឹកភ្លៀង ខ្យល់បក់បោកខ្លាំង

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងពី ក្រសួងធនធានទឹកនិងឧតុនិយម ពីស្ថានភាពអាកាសធាតុ បានសងេ្កតឃើញពី ប្រព័ន្ធសម្ពាធទាប បានបន្តលាតសន្ធឹងឆ្លងកាត់លើប្រទេសកម្ពុជាភ្ជាប់ទៅនឹងសម្ពាធទាបនៅលើសមុទ្រចិនខាងត្បូង ដែលអាចកើតមានជា វិសម្ពាធទាបឬជាព្យុះសំដៅទៅភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី៧ តុលា ឆ្នាំ២០២០ នេះ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្ដាខេត្តស្ទើរទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ៧ ដល់ ៩តុលាឆ្នាំ​២០២០ អាចនឹងមានភ្លៀងនិងខ្យល់កើនឡើង។

ចំពោះបណ្ដារាជធានីខេត្តនៅភាគខាងត្បូងនិងខេត្តភាគខាងកើតជាប់ប្រទេសវៀតណាម និងបណ្ដាខេត្តនៅតំបន់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ច្រើន ដែលធ្វើឲ្យប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀងនិងខ្យល់បក់បោកខ្លាំង។

ក្រសួងជំនាញនេះ ក៏បន្តអំពាវនាវបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នជាពិសេសអ្នកនៅទីប្រជុំជន ទីទំនាបក្បែរផ្លូវទឹក និងប្រជានេសាទមានការប្រុងប្រយ័ត្នខ្ពស់៕